ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញបានបង្ក្រាបក្រុមជនសង្ស័យចំនួន ១២ នាក់ (ស្រី១នាក់) ជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងអំពើ លួចម៉ូតូដោយកាច់បំបែកសោ សមគំនិត និងទទួល ផលចោរកម្ម កើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០២និង១២នាទី នៅបន្ទប់ជួលម្ដុំគ្រោលគោចាស់ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូម៉ាក HONDA SCOOPY PRESTIGE ពណ៌ស ផលិតឆ្នាំ២០២៣ ស្លាកលេខ កំពត 1V- 8926 របស់ជនរងគ្រោះដែលចតនៅជាន់ផ្ទាល់ដីនៃបន្ទប់ជួល ។ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង៣០នាទី បានឃើញជនសង្ស័យកំពុងជិះម៉ូតូខាងលើទៅលក់ ហើយបានឃាត់ខ្លួនបានចំនួន៣ នាក់មានឈ្មោះ ៖ ១. ជិន ឡង់ឌី,២. ពុំ សីហា (ហៅ ម៉ាប់)និង៣. សំណាង លីលី។
ក្រោយសាកសួរ ជិន ឡង់ឌី សារភាពថា បានលួចម៉ូតូជាមួយ ញ៉ ចាន្នី (ហៅ អាក្រវិលធំ) ហើយយកទៅឲ្យ ពុំ សីហា ឆែកមើលហើយលក់បន្តឲ្យអ្នកដទៃ ។
ក្រោយពេលស៊ើបអង្កេតបន្ថែម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបន្ថែមទៀតចំនួន ៩នាក់ ដែលពាក់ព័ន្ធក្នុងសកម្មភាពលួច និងទិញលក់ផលចោរកម្ម ដូចជា៖
ឈ្មោះ ចេន ចាន់, ឡុង លីណា (ឌូក), ញ៉ ចាន្នី, ភាព នុសា, ឌីន ប៊ុន្នី (អាញ៉ាញ់), ចាន់ ដន, ឡេង ទិត, គង់ សារ៉ាវុទ្ធ (ហ្សូ), និង ទឹម ឆវ័ន្ដ ។
វត្ថុតាងចាប់យកបាន ៖
-ឧបករណ៍ប្រើសកម្មភាព
• កូនសោច្នៃ ១ដើម
• ដែកឆាបមុខសំប៉ែត ១ដើម
-ទូរស័ព្ទដៃសរុប ៨គ្រឿង (Samsung, Vivo, Huawei, iPhone, Oppo)
-ម៉ូតូសរុប ៨គ្រឿង (ផលនៃអំពើលួច) ដែលមានរួមទាំងម៉ូតូប្រភេទ Honda Scoopy, Dream C125 និង Suzuki NEX ជាច្រើនគ្រឿង ។
ក្នុងនោះ ម៉ូតូ ៤គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញក្រោមការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ១២នាក់ ព្រមទាំងវត្ថុតាង ទៅអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ៕










