ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ជំនួបក្រៅផ្លូវការនេះត្រូវបានធ្វើឡើងក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយបំផុត ហើយរដ្ឋមន្ត្រីការបរទេសទាំងពីរបានឆ្លៀតឱកាស ផ្លាស់ប្តូរនូវការជូនពរ និងការស្វាគមន៍រវាងគ្នាយ៉ាងកក់ក្តៅ ក្រោយពីជំនួបទ្វេភាគី នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែកក្កដា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដោយជោគជ័យ របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង លោកជំទាវទីមួយ Louise Araneta-Marcos ដើម្បីបន្តពង្រឹងទំនាក់ទំនង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធរវាងកម្ពុជា និង ហ្វីលីពីន ៕













