ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ បានរៀបចំពិធីសម្ពោធជើងហោះហើររវាងកម្ពុជា-ជប៉ុន ឆ្លងកាត់ទីក្រុងហ្វូចូវ (ខេត្តហ្វូជៀន ប្រទេសចិន)។
ការបើកដំណើរការហោះហើរនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋាអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែស្វែងរកគ្រប់មធ្យោបាយ ក្នុងការជំរុញការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនអ្នកដំណើរអន្តរជាតិឡើងវិញ រវាងកម្ពុជា និងជប៉ុន ក្រោយពីបានខកខានដាក់ដំណើរការជើងហោះហើររវាងប្រទេសទាំងពីរ ចាប់តាំងពីមានវិបត្តិជំងឺឆ្លងកូវីដ-១៩។
បើតាមរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ១. ការរៀបចំឱ្យមានការហោះហើរទៅកាន់ប្រទេសជប៉ុនជាប្រវត្តិសាស្រ្តនាពេលនេះ គឺនឹងចូលរួមឆ្លើយតបជាវិជ្ជមានទៅនឹងតម្រូវការ វិស័យទេសចរណ៍ ពាណិជ្ជកម្ម ឡូជីស្ទីក និងការដោះដូរវប្បធម៌ប្រជាជន រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងស្របជាមួយចក្ខុវិស័យបរស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយវិស័យអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងបញ្ចកោណទី២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២. ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។
នៅក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៣ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់និងសកលលោក ដោយក្នុងនោះ ក្នុងតំបន់អាស៊ានមាន៨ប្រទេស ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៥លាន ១សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែជាង ៤លាន ៥សែននាក់។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរត្រង់នេះ មានអត្ថន័យ លើសពីការបន្ថែមខ្សែធ្វើដំណើររវាងជប៉ុន និងកម្ពុជា។
លោកជឿជាក់ថា នេះគឺជាជំហាបដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាគោលបំណងនៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើង។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បន្ថែមថា៖«ជាមួយនឹងការចាប់ផ្ដើមជើងហោះហើរនេះ រយៈពេលធ្វើដំណើររវាងជប៉ុន-កម្ពុជា នឹងត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល»។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បន្តថា ការអភិវឌ្ឍន៍នេះ នឹងនាំមកនូវឱកាសសម្រាប់ទំនាក់ទំនងថ្មី ក្នុងវិស័យជាច្រើនរួមទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងកម្មវិធីផ្លាស់ប្ដូរវប្បធម៌។
ការកើនឡើងនូវវិនិយោគជប៉ុន នឹងរួមចំណែកដល់ការបង្កើតការងារថ្មី និងលើកស្ទួយប្រាក់ចំណូលកម្ពុជា ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា៕












