និស្សិត និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសហុងគ្រី មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាព ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ប្រទេស​ហុងគ្រី​៖​ និស្សិតទាំងអស់ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងបំពេញការងារនៅក្នុងប្រទេសហុងគ្រី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការសម្រេចបាននូវការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋាភិបាលថៃ នៅទីក្រុងគូឡាឡាំពួ ក្រោមការសម្របសម្រួលរបស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីដ៏សំខាន់ និងមិនអាចខ្វះបានរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្តីសប្បាយរីករាយនិងអំណរសាទររបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នេះ បានបង្ហាញនៅក្នុងពេលដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសដែលសម្តេចបានកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី។

ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ចាក់ថា ការសម្រេចបាននូវជោគជ័យធំធេងមួយនេះ កើតចេញពីការបំពេញបេសកកម្មការទូតប្រកបដោយភាពវាងវៃ បត់បែន យកពលរដ្ឋជាស្នូល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ គោរពច្បាប់អន្តរជាតិ មានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។ ការស្រឡាញ់សន្តិភាព មិនចង់ឱ្យមានសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបង្រួមបញ្ហាមិនឱ្យរីកធំ ប្រកាន់យកការអត់ធ្មត់ តែការពារបូរណភាពទឹកដីឱ្យទាល់តែបាន មិនមានការបាត់បង់មួយមីលីម៉ែត្រណាឡើយ។

បើតាមប្រធានសមាគម និស្សិតខ្មែរ នៅប្រទេសហុងគ្រី កញ្ញា ជាប លីលី បានគូសបញ្ជាក់ថាកញ្ញានិងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រីទំាងអស់ តែងតែតាមដានសភាពការណ៍នៃជម្លោះព្រំដែនកម្ពុជានិងថៃជាប់ជាប្រចាំ។ ក្រុមនិស្សិតទំាងអស់បានគំាទ្រ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាន់យកនូវភាពអត់ធ្មត់ ដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងសង្រ្គាមកាន់តែរីកធំឡើង។ ភាពអត់ធ្មត់របស់កម្ពុជា បានទទួលជោគជ័យ និងការគំាទ្រពីពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ។ ប្រធានសមាគមនិស្សិតខ្មែរ ប្រចាំនៅប្រទេសហុងគ្រី បានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជានិងថៃ ដែលស្រឡាញ់សន្តិភាព ។ មានសន្តិភាពទើបមានការអភិវឌ្ឍ។

ប្រធានសមាគមនិស្សិតខ្មែររូបនេះ បានគូសបញ្ជាក់ថា ជាការពិត និស្សិតទាំងអស់ដែលសិក្សានៅក្នុងប្រទេសហុងគ្រី បានមកពីតំបន់ ឬខេត្តផ្សេងៗគ្នា ឬមកពីស្ថាប័នផ្សេងៗគ្នានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងសិក្សានៅគ្រឹះស្ថានផ្សេងៗគ្នានៅប្រទេសហុងគ្រី ប៉ុន្តែពួកគេទាំងអស់គ្នា មានគោលដៅរួមមួយជាមួយគ្នា។ ពោលគឺឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីប្រទេសហុងគ្រី ដើម្បីយកទៅប្រើប្រាស់ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។

“ ជាងនេះទៅទៀតយើងខ្ញុំទាំងអស់គ្នា តែងមានការប្រយ័ត្នប្រយែង គិតគូរ និងយកចិត្តទុកដាក់ ចំពោះគ្រប់សកម្មភាព ទាំងក្នុង និងក្រៅថ្នាក់រៀន សំដៅធ្វើយ៉ាងណា រួមចំណែកលើកកម្ពស់អត្តសញ្ញាណ និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាខ្មែរ ដែលយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថា សកម្មភាពទាំងអស់នេះ នឹងបានជាផ្នែកមួយសម្រាប់ចូលរួមចំណែក ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសការពង្រឹងការតភ្ជាប់ប្រជាជន និងប្រជាជនរវាងកម្ពុជា និងហុងគ្រី” ប្រធានសមាគមន៍និ ស្សិតកម្ពុជា កញ្ញា ជាប លីលី បានបញ្ជាក់។

តំណាងនិស្សិតចំនួន៦៧នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ជាក់ថា “ក្នុងនាមបងប្អូននិស្សិតទាំងអស់គ្នានៅប្រទេសហុងគ្រី និងក្រុមនាមនាងខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី សូមសម្ដេច ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងសូមសម្ដេច និងអង្គពិធីទាំងមូល មានសុខភាពល្អបរិបូរណ៍ ជានិច្ចនិរន្តន៍ តទៅ”។

ដូចគ្នានោះដែរ លោក ឈាង ធីរ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសហុងគ្រីបានគូសបញ្ជាក់ថា ទំាងនិស្សិតនិងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសហុងគ្រី ទំាងអស់ មានសេចក្តីសប្បាយរីករាយចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា។

លោលបានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្នុងប្រទេសហុងគ្រី ពិសេសនិស្សិត បានអរគុណ ដឹងគុណជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមរយៈការទូត ការគោរពច្បាប់អន្តរជាតិ ប្រកបដោយភាពអត់ធ្មត់ តែម៉ឺងម៉ាត់ ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋទំាងសងខាង។ នៅទីបញ្ចប់បាននាំមកកិច្ចព្រមព្រៀងសន្តិភាព ដ៏មានសារៈសំខាន់មួយ ដើម្បីធ្វើឱ្យសភាពការណ៍ព្រំដែនវិលទៅប្រក្រតីភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋទំាងសងខាង។

សូមជម្រាបថា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៧នាក់កំពុងសិក្សានៅក្នុងប្រទេសហុងគ្រី ក្នុងនោះនារីចំនួន៣០នាក់ ដែលកំពុងសិក្សានៅថ្នាក់ក្រោយឧត្តម លើជំនាញជាច្រើន មានវិស្វកម្ម កសិកម្ម បរិស្ថាន សំណង់ ចំណីអាហារ ស្ថាបត្យកម្មនិង បច្ចេកវិទ្យជាដើម។

...

សម្តេចប្រធានរដ្ឋសភា បានអរគុណក្មួយៗនិស្សិត ក៏ដូចជាពលរដ្ឋខ្មែរទំាងអស់នៅឯនាយសមុទ្រ ដែលតែងតែគំាទ្រ និងជឿជាក់ចំពោះរាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងពិតជាមានសំណាងណាស់ ដែលបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសជាតិឆ្ពោះទៅរកសន្តិភាព វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះនិងតួនាទីរបស់យើងនៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ស្មើមុខស្មើមាត់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print