សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ មូលធនមនុស្សដែលជាស្នូលនៃការអភិវឌ្ឍប្រទេសជាតិ ត្រូវមានចំណេះដឹងជំនាញច្បាស់លាស់ មានសុខភាពល្អ អត្តចរិតថ្លៃថ្នូរ និងការទទួលខុសត្រូវ

ចែករំលែក៖

ប្រទេសហុងគ្រី ៖ ឆ្លៀតនៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនដល់ក្មួយសិស្សនិស្សិត ក៏ដូចជាប្រជាពលរដ្ឋខ្មែរទំាងអស់ដែលកំពុងរស់នៅ ប្រកបការងារ នៅក្នុងប្រទេសហុងគ្រី ។ សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់យើងទំាងអស់ តែងតែយកចិត្តទុកដាក់ នឹករលឹកដល់ពលរដ្ឋនៅគ្រប់ទីកន្លែងមិនថានៅក្នុងឬក្រៅប្រទេសនោះឡើយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមគ្គទេសក៍ និងប្រតិបត្តិករសន្តិភាព ដែលបានយកអាយុជីវិតជាដើមទុន ដើម្បីសន្តិភាព និងការផ្សះផ្សារជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ។ កម្ពុជាពិតជាមានសំណាងដែលបានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិឆ្ពោះមកកាន់វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា។

សមិទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន បានកំពុងការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងនីតិកាលទី៧នៃរដ្ឋសភា បានខិតខំប្រឹងប្រែងដោយសា្វហាប់ មោះមុត ក្នុងការបន្តការពារថែរក្សាសន្តិភាព និងស្ថិរភាព ក្នុងការបំពេញបន្ថែម និងការធ្វើកំណែទម្រង់រាជរដ្ឋាភិបាលឱ្យមានភាពរឹងមាំ ដើម្បីបម្រើ និងបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រទេសជាតិជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនមាន “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបក្មួយៗសិស្សនិស្សិត អំពីដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសហុងគ្រីនេះ គឺក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភាមានក្តីសប្បាយរីករាយដែលបានឃើញ ក្មួយៗនិស្សិត កំពុងសិក្សានៅក្នុងប្រទេសហុងគ្រី ខិតខំសិក្សារៀនសូត្រ មានសាមគ្គីភាពគ្នាល្អ ចេះយកអាសារគ្នាទៅវិញទៅមក។

សូមជម្រាបថា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៧នាក់កំពុងសិក្សានៅក្នុងប្រទេសហុងគ្រី ក្នុងនោះនារីចំនួន៣០នាក់ ដែលកំពុងសិក្សានៅថ្នាក់ក្រោយឧត្តម លើជំនាញជាច្រើន មានវិស្វកម្ម កសិកម្ម បរិស្ថាន សំណង់ ចំណីអាហារ ស្ថាបត្យកម្ម បច្ចេកវិទ្យជាដើម។ តាមឱ្យដឹងរបស់កញ្ញា ជាប លីលី សមាគម និស្សិតខ្មែរ នៅប្រទេសហុងគ្រី និងលលោក ឈាង ធីរ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសហុងគ្រីបានគូសបញ្ជាក់ថា និស្សិតកម្ពុជាទំាងអស់សិក្សានៅទីនេះទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ និស្សិតខ្មែរសិក្សានៅប្រទេសហុងគ្រី ទទួលបានប័ណ្ណសុខភាព សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ នៅក្នុងប្រទេសហុងគ្រី។

សម្តេចប្រធានរដ្ឋសភា បានអរគុណក្មួយៗនិស្សិត ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់នៅនាយសមុទ្រ ដែលតែងតែគំាទ្រ និងជឿជាក់ចំពោះរាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា ក្មួយៗដែលបានអញ្ជើញមកសិក្សានៅក្រៅប្រទេសមិនត្រឹមជាធនធានដ៏សំខាន់របស់ប្រទេសប៉ុណ្ណោះទេ តែក្មួយៗក៏ជាឯកអគ្គរាជទូត និងជាស្ពានរវាងប្រទេសកម្ពុជា ពលរដ្ឋកម្ពុជា ជាមួយប្រទេសហុងគ្រី និងប្រទេសដទៃទៀត។ ក្មួយៗនិស្សិត អាចផ្សព្វផ្សាយទៅប្រជាជនហុងគ្រី និងពិភពលោកឱ្យបានដឹងអំពីកម្ពុជា ស្គាល់កម្ពុជា និងទាក់ទាញពួកគាត់ទៅធ្វើទេចរណ៍ និងវិនិយោគនៅកម្ពុជា។ និស្សិតកម្ពុជា មានឱកាសជម្រាបពីព័ត៌មានពិត ពីសុខសន្តិភាព និងការរីកចម្រើនរបស់កម្ពុជា ជូនដល់អន្តរជាតិផងដែរ។

សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើ ជូនដល់និស្សិតទំាងអស់ត្រូវខិតខំសិក្សារៀនសូត្រ មានសាមគ្គីភាព គោរពស្រឡាញ់គ្នា ពិសេសត្រូវចេះយកអាសាគ្នា ដូចសុភាសិតខ្មែរតែងពោលថា «នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ» ។ សុភាសិតនេះបានបង្កប់ នូវគុណតម្លៃ និងស្មារតីរបស់ប្រជាជនខ្មែរ ដែលបាន និងកំពុងរស់នៅក្រៅប្រទេស ហើយវាពិតជាមានសារៈសំខាន់ណាស់ចំពោះប្រជាជនកម្ពុជា ក្នុងការគាំទ្រ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្មួយៗជានិស្សិតទាំងអស់ ដែលបានមកបន្តការសិក្សានៅបរទេស គឺជាទ្រព្យសម្បត្តិសំខាន់របស់ជាតិ ដែលមិនអាចកាត់ថ្លៃបាន ហើយចំណេះដឹងដែល ក្មួយៗទទួលបាននឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា រួមទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនប្រកបដោយចំណេះដឹង សីលធម៌ ប្រកបដោយថាមវន្ត បានផ្តល់អាទិភាពដល់ប្រជាជន ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាស្នូល ទាមទារឱ្យពលរដ្ឋមានចំណេះដឹងជំនាញច្បាស់លាស់ មានសុខភាពល្អ អត្តចរិតថ្លៃថ្នូរ មានការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកដល់ការពង្រឹងខឿនសេដ្ឋកិច្ចជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print