ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះឃាត់បានភ្លាមប្រគល់ឱ្យសមត្ថកិច្ចនគរបាល ហើយបានដាក់ពាក្យប្តឹងនគរបាលស្រាវជ្រាវឃាត់បានម្នាក់ទៀត ខណៈដែលជនសង្ស័យ៣នាក់ធ្វើសកម្មភាពយកកូនកន្ត្រៃកាត់ជញ្ជាំងស័ង្កសី ប្រុងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ ក៏ឃាត់បានម្នាក់ និងរត់គេចខ្លួនបាត់២នាក់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីទៀបភ្លឺថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥ នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា កាលពីវេលាម៉ោង០៣និង៣០នាទីឈានចូលព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បុរសជាម្ចាស់ផ្ទះឈ្មោះ ខ្លឹង សំអុន អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិ ព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង បានឃាត់ខ្លួនឈ្មោះ អឿន រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី យកមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលពាក់ព័ន្ធករណី គាស់ផ្ទះរបស់ខ្លួនប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ។
នគរបាលស្រុកសំរោងទងបានបន្តថា កាលពីវេលាម៉ោង០២និង១៥នាទីទៀបភ្លឺថ្ងៃទី២៧ ខែតុលា ខណៈបុរសជាម្ចាស់ផ្ទះកំពុងតែសំរាកនៅផ្ទះរបស់ខ្លួន ក៏បានលឺសំលេងមានមនុស្សគាស់ជញ្ជាំងស័ង្កសី ខ្លួនក៏ភ្ញាក់ពី ដេក ហើយបានចេញមកមើលឃើញមានមនុស្សចំនួន០៣នាក់ កំពុងតែធ្វើសកម្មភាពកាត់ជញ្ជាំង និងគាស់ផ្ទះ។ ពេលនោះម្ចាស់ផ្ទះក៏បានទៅចាប់ឃាត់បានឈ្មោះ អឿន រិទ្ធីម្នាក់ រីឯចំនួន០២នាក់ផ្សេងទៀតបានរត់ឡើងជិះម៉ូតូគេចខ្លួនបាត់។ ពេលម្ចាស់ចាប់ខ្លួនបានប្រគល់ឱ្យនគរបាល។ ពេលដែលនគរបាលជំនាញធ្វើសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ ជាមួយឈ្មោះ មុំ មឿន ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងរត់គេចខ្លួនអស់ហើយ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើកម្លាំងជំនាញស្រុកសំរោងទង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោះ ក៏បានទៅឃាត់ឈ្មោះ មុំ មឿន មកសាកសួរនិងដកហូតម៉ូតូ០១គ្រឿងដែលពួកគេជិះធ្វើសកម្មភាពនិងកូនកន្ត្រៃសម្រាប់កាត់ស័ង្កសី ចំនួន០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើរួមជាមួយវត្ថុតាង នគរបាលជំនាញកំពុងសួរនាំនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕










