ប្រធានាធិបតី ពូទីន៖ ទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើងកំពុងដើរលើផ្លូវត្រូវ

ចែករំលែក៖

ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ចូ សុន ហ៊ុយ ប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-កូរ៉េខាងជើងនៅតែបន្តពង្រឹង និងអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ។

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ បានដកស្រង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ ហើយបានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។
KCNA បាននិយាយថា គម្រោងអនាគតជាច្រើន ដើម្បីពង្រឹងនិងអភិវឌ្ឍជាលំដាប់ នូវទំនាក់ទំនងទ្វេភាគី ត្រូវបានលើកមកពិភាក្សាអំឡុងជំនួបខាងលើ ហើយលោកស្រី Choe ក៏បានពាំនាំផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខលោក ពូទីន ពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
KCNA បានបន្តថា ក្នុងថ្ងៃដដែលនោះ លោកស្រី Choe ក៏បានបើកកិច្ចពិភាក្សាជាមួយ សមភាគីរុស្ស៉ី គឺលោករដ្ឋមន្រ្តីការបរទេស Sergei Lavrov ហើយបានឈានដល់ការព្រមព្រៀងគ្នាលើគ្រប់ចំណុច អំឡុងកិច្ចពិភាក្សាលក្ខណៈយុទ្ធសាស្រ្ត ស្តីពីបញ្ហាសកល។
អំឡុងកិច្ចពិភាក្សាជាមួយលោក Lavrov លោកស្រី Choe បានបង្ហាញការគាំទ្ររបស់កូរ៉េខាងជើង ចំពោះចំណាត់ការរបស់រុស្ស៉ី ក្នុងការលុបបំបាត់ឬសគល់នៃជម្លោះអ៊ុយក្រែន។ រីឯភាគីរុស្ស៉ីវិញ បានបង្ហាញការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការការពារផលប្រយោជន៍សន្តិសុខ និងសិទ្ធិអធិបតេយ្យរបស់ខ្លួន៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print