រយៈ​ពេល ៩ ខែ​ឆ្នាំ​នេះ! កម្ពុជា​រកចំណូលបានជាង ៧,៤ ​ពាន់​លានដុល្លារ​ ពីការ​នាំចេញ​ទៅកាន់​សមាជិក RCEP

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមរបាយការណ៍​របស់ក្រសួង​ពាណិជ្ជកម្ម​ បានបង្ហាញថា​ កម្ពុជា​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៧,៤៣ ​ពាន់លានដុល្លារ ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​ជា​សមា​ជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយក្នុង​តំបន់​ (RCEP) នៅក្នុងរយៈ​ពេល៩ខែ ឆ្នាំ២០២៥ កើន​ឡើង ​១០,២ ភាគរយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៤ ដែល​មាន​ទឹកប្រាក់ ​៦,៧៥ ​ពាន់លានដុល្លារ។

ការដោះដូរទំនិញរបស់កម្ពុជា​ជាមួយបណ្តា​ប្រទេសសមាជិក​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​បូព៌ាអាស៊ី-ប៉ាស៊ីហ្វិក (RCEP) មានទឹកប្រាក់សរុប ​២៩,៥០ ​ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ដែលកើនឡើង​ ១៥,៥៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។​

​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ គិត​ចាប់​ពី​ខែ​មករា​ដល់​ខែកញ្ញាឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៧,៤៣ ​ពាន់លានដុល្លារ ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក​ឈាន​មុខ​គេ​ទាំង ៥ របស់ RCEP រួមមាន វៀតណាម ថៃ សិង្ហបុរី ចិន ជប៉ុន។​ ជាមួយគ្នានេះដែរ ការនាំចូល​ប្រទេស​ជាសមាជិក​មានទឹកប្រាក់ប្រមាណ ​២២ ពាន់លានដុល្លារ ​កើនឡើង ១៧,៥៣ ភាគរយ​ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ដែលមានទឹកប្រាក់ចំនួន ១៨,៧៨ ​ពាន់លានដុល្លារ។

កិច្ច​ព្រម​ព្រៀង RCEP ជា​គំនិត​ផ្តួច​ផ្តើម​របស់​អាស៊ាន បច្ចុប្បន្ន​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​(FTA) ឈាន​មុខ​គេ​ទូទាំង​ពិភព​លោក ដែល​រួម​មាន​ប្រទេស​ចំនួន ១៥​។ ក្នុង​នោះ​រួមមាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សំខាន់ៗ​ចំនួន​៥​ទៀត​គឺ​អូស្ត្រាលី ចិន ជប៉ុន នូវែល​សេឡង់ និង​កូរ៉េ​ខាង​ត្បូង។

បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​​លោកស្រី ចម និម្មលបានមានប្រសាសន៍ថា ​យន្តការក្នុង​ការជំរុញ​ការនាំចេញ​ទំនិញកម្ពុជារួមមាន​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​កិច្ចព្រម​ព្រៀងសេដ្ឋកិច្ចដ៏ទូ​លំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាព​ទុកចិត្តជា​ដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណា​ឱ្យផលិត​ផលកម្ពុជា យក្លាយជា​ផលិតផល​ដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក៕​

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print