ជនសង្ស័យម្នាក់លួចផ្លែមៀនកន្លះបាវ និងត្រយ៉ូងចេកអ្នកភូមិ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ជនសង្ស័យម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារពីបទហិង្សាដោយចេតនា បានធ្វើ សកម្មភាពលួចផលដំណាំអ្នកភូមិ រួមមានផ្លែមៀនកន្លះបាវ និងត្រយ៉ូងចេក ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាលឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១៣ និង ០០នាទី ថ្ងៃទី២៧ តុលា ២០២៥ នៅចំណុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ត្រី វ៉េង សុខុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ុង សារ៉ុម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ។ ជនសង្ស័យរូបនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ១លើក រយៈពេល១ឆ្នាំកន្លះពីបទហិង្សាដោយចេតនា និងជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ ជនរងគ្រោះមាន២នាក់ ឈ្មោះ ហេង យូ ភេទស្រី អាយុ៧២ឆ្នាំ ជាម្ចាស់ផ្លែមៀន និងឈ្មោះ ស្រេង ស៊ីវឡោ ភេទស្រី អាយុ៦៥ឆ្នាំជាម្ចាស់ត្រយ៉ូងចេក ដែលសុទ្ធតែមានទីលំនៅជាមួយគ្នា។

លោកនាយប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា ជនសង្ស័យតែង តែលួចរបស់របរនិងផលដំណាំរបស់អ្នកភូមិជាញឹក ញាប់។ ដោយនៅថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើ សកម្មភាពលួចដល់ទៅ ២លើក៖ លើកទី១ នៅវេលាម៉ោង ១១:៣០នាទី បានលួចបេះផ្លែមៀនរបស់ជនរង គ្រោះ (ហេង យូ) បានកន្លះបាវ ដែលជនរងគ្រោះថតបានជាវីដេអូភស្តុតាង ហើយយកមកប្ដឹង។ ក្រោយមក លើកទី២ នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃដដែល ជន សង្ស័យក៏បានបន្តធ្វើសកម្មភាពលួចកាច់ត្រយ៉ូងចេករបស់ជនរងគ្រោះម្នាក់ទៀត (ស្រេង ស៊ីវឡោ) បានចំនួន ៧ត្រយ៉ូង ក៏ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនតែម្ដង។

វត្ថុតាងចាប់យករួមមាន ត្រយ៉ូងចេកចំនួន ៧ត្រយ៉ូង, ផ្លែមៀនកន្លះបាវ, និងកណ្ដៀវកែច្នៃចំនួន ១ដើម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print