ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់ជាកូនបង្កើត បានបង្កករណីគំរាមកំហែងថានឹងសម្លាប់ ធ្វើឲ្យខូចខាតដោយ ចេតនា និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ លើម្ដាយរបស់ខ្លួន បន្ទាប់ពីវាយកម្ទេចរបស់របរក្នុងផ្ទះជាច្រើន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី២៧ តុលា ២០២៥ ស្ថិតនៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ដាយ បង្កើតមានឈ្មោះ ឡុង ចាន់នី អាយុ ៥២ឆ្នាំ មុខរបរលក់បន្លែ។
ចំណែកជនសង្ស័យជាកូនឈ្មោះ លីម ចំរើន ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅជា មួយគ្នា។ ជនសង្ស័យរូបនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ២លើកពីបទគ្រឿង ញៀននិងលួច ហើយមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។
សមត្ថកិច្ចបានបន្តថា នៅវេលាម៉ោង ១៨:០០នាទី ថ្ងៃ កើតហេតុ ខណៈជនរងគ្រោះកំពុងលក់បន្លែនៅទីក្រុងភ្នំពេញ កូនស្រីរបស់ជនរងគ្រោះបានទូរសព្ទមកប្រាប់ថា ជនសង្ស័យបានមកវាយរបស់របរនៅក្នុងផ្ទះទៀត ហើយ។ លុះដល់វេលាម៉ោង ១៩:០០នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់ផ្ទះ ក៏ឃើញជនសង្ស័យវាយកម្ទេចទ្វារ កង់ ចាន ឆ្នាំង កង្ហារ ពាងទឹក កៅអី និងរបស់របរក្នុងផ្ទះមួយចំនួនបែក។ ជនសង្ស័យថែមទាំងនិយាយ គំរាមរកសម្លាប់ជនរងគ្រោះថា៖ “សម្លាប់ចោលទាំងប្ដីនិងប្រពន្ធឥឡូវហើយ”។
ភ្លាមនោះ ជនរងគ្រោះបានរាយការណ៍ទៅមេភូមិស្រុកចេក ហើយលោកមេភូមិក៏បានឲ្យជនរងគ្រោះមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងខ្យាង។ ក្រោយទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍បឹងខ្យាងបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង។ តាមចម្លើយសារភាព ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយរបស់របរដូចជាចាន ឆ្នាំង កៅអី កង្ហារ និងពាងទឹកបណ្ដាលឲ្យបែកប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










