ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ បន្ទាប់កើតមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច ត្រូវបានប្អូនថ្លៃប្រុស ប្រដាប់ដោយបន្ទះដែកវាលក្បាល បណ្តាលឲ្យបែករងរបួសធ្ងន់ធ្ងរ នៅភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង រួចក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពទ្យរុស្ស៊ីកាលពីវេលាម៉ោង៧យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ តែសម្រាកព្យាបាលបាន៤ថ្ងៃ ជាអនិច្ចារ្យជនរងគ្រោះស្លាប់បាត់ជីវិត នៅវេលាម៉ោង១១យប់ថ្ងៃទី៧ ខែកញ្ញា ទើបដឹកត្រឡប់ មកតម្កល់ទុកធ្វើបុណ្យនៅរោងបុណ្យ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពិធិ៍សែនជ័យ ។
ស្រ្តីរងគ្រោះ រហូតដល់ស្លាប់បាត់ជីវិតមានឈ្មោះ រ័ត្ន សៀម អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ស្រុកកំណើតភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនដៃដល់ដែលជាប្អូនថ្លៃមានឈ្មោះ ផាន់ ធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់ ត្រូវបានគេបញ្ឈប់ ស្នាក់នៅជាមួយគ្នា ស្រុកកំណើតជាមួយគ្នា មានប្រពន្ធនៅឃុំអូរគគី ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។
តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនដៃដល់ត្រូវបានគេបញ្ឈប់ពីការងារសំណង់ ហើយនៅវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែកញ្ញា ក្រោយពីហូបបាយរួច កូនប្រុសរបស់ជនរងគ្រោះ ក៏បានថា មកពីពូធ្វើការងារមិនកើតឲ្យគេ ទើបគេបញ្ឈប់ពីការងារ ថាហើយធ្វើឲ្យជនដៃដល់ខឹង ច្រឡោតគម្រាមវាយទៅលើក្មួយប្រុស ក៏កើតទៅជាទំនាស់សម្តីក្នុងរង្វង់គ្រួសារ ត្រូវបានជនរងគ្រោះ ដេញកូនឲ្យចូលដេក កុំឲ្យតមាត់ជាមួយមនុស្សចាស់ ។ ប្រភពបន្តទៀតថា ក្រោយពីកូនប្រុសចូលសម្រាកបាត់ រឿងរ៉ាវទំនាស់សម្តីមិនទាន់ចប់ទេ បានស្ទុះឡើងបន្តទៀត រវាងជនរងគ្រោះជាបងថ្លៃ និងជាមួយជនសង្ស័យ ជាប្អូនថ្លៃ ឈានទៅដល់ ប្អូនថ្លៃប្រដាប់ដោយដែកបន្ទះ ជ្រុង វាយសំពងក្បាលបងថ្លៃបណ្តាលឲ្យបែកហូរឈាមរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ចំណែកជនសង្ស័យក្រោយកើតហេតុបានគេចខ្លួនបាត់ ។
ស្ត្រីរងគ្រោះ ក្រោយពីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ អស់រយៈពេល៤ថ្ងៃ នៅវេលាម៉ោង១១យប់ថ្ងៃទី៧ ខែកញ្ញា បានដាច់ខ្យល់ស្លាប់បាត់ ទើបដឹកបញ្ជូន មកតម្កល់ទុកនៅសាលាបុណ្យ ក្នុងភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ហើយនៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យធ្វើកោសល្យវិច័យស្លាកស្នាម ដើម្បីកសាងសំណុំរឿងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ផ្អែកទៅលើបណ្តឹងរបស់ ក្រុមគ្រួសារជនរងគ្រោះ ៕
ដោយ៖ សុខាសែនជ័យ
...