ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ ចំនួន៤២គ្រួសារ ក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
សម្ភារដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូ មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១,ភួង១,ក្រមា១,សារុង១) និងថវិកា ៣ម៉ឺនរៀល។ ក្នុងនោះព្រះគ្រូចៅអធិកាវត្តតាំងរនាម ក៏បានឧបត្ថម្ភបន្ថែម នូវគ្រឿងឧបភោគបរិភោគ ១កញ្ចប់ រួមមាន មី៥កញ្ចប់ ត្រីខ២កំប៉ុង ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប និងទឹកក្រូច២កំប៉ុង ផងដែរ។
ក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូពីការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយរងគ្រោះនានា។ លោកអភិបាល ក៏បានផ្តាំផ្ញើការយកចិត្តទុកដាក់ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលតែងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ គិតគូពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ជាមួយគ្នា លោកអភិបាលក៏បានផ្តាំផ្ញើដល់លោកតាលោកយាយចាស់ជរា និងបងប្អូនជនពិការទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ អនាម័យការរស់នៅ ដើម្បីបន្តមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...