ខេត្តកំពង់ចាម៖ រថយន្តប្រភេទគ្រួសារមួយគ្រឿងបានបើកធ្លាក់ចូលទន្លេ ក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្ដាលឲ្យជនរងគ្រោះជាក្រុមគ្រួសារសរុបចំនួន ៥នាក់ ក្នុងនោះមានម្នាក់ស្លាប់ និង ២នាក់រងរបួស ខណៈ ២នាក់ទៀតកំពុងបាត់ខ្លួនជាមួយរថយន្តដែលលិចក្នុងទន្លេ។
តាមការបញ្ជាក់ពីលោក ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថា ករណីដ៏គួរឲ្យសង្វេគនេះ បានកើតឡើងនៅប្រហែលម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចព្រំប្រទល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
បើតាមលោកអធិការស្រុក ក្នុងករណីនេះ មានជនរងគ្រោះសរុប ៥នាក់ (ជាគ្រួសារ) តែមាន ៣នាក់បានរកឃើញនៅលើគោក (ស្លាប់ម្នាក់) ចំណែក ២នាក់ទៀតកំពុងបាត់ខ្លួនជាមួយរថយន្តដែលលិចក្នុងទន្លេ។
លោកបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញកំពុងញាប់ដៃញាប់ជើងដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕










