ខេត្តបាត់ដំបង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលម្សិលមិញនេះបានអញ្ជេីញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។
ក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស៕ 
  
  
  ដោយ៖តារា
ដោយ៖តារា

 
			








