ខេត្តកណ្តាល÷ លំនៅដ្ឋាន១ខ្នងឆ្លងចរន្តអគ្គីសនីក្លាយ ជាអគ្គីភ័យ បណ្តាលឱ្យមានជនរងគ្រោះបានស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ហេតុការណ៍បានកើតឡើងនៅកណ្តាលអាធ្រាតវេលាម៉ោង២៣នីង៣០នាទីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៥ នៅចំណុចក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ស្ត្រីជាម្ចាស់ផ្ទះ មានឈ្មោះ សុខ មុំ អាយុ៤៣ឆ្នាំ (ជាស្ត្រីមេម៉ាយ) មិនមានរងរបួសទេ ។ ចំនែកជនរងគ្រោះរបួសធ្ងន់និងស្លាប់មានចំនួន ០២នាក់÷ ទី១ -ឈ្មោះ សុខ ផល ភេទប្រុស អាយុ ៣៧ ឆ្នាំ (ជាប្អូនថ្លៃ) មុខរបរកម្មករ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិង២-ឈ្មោះ សុខ ឃីម ភេទស្រីអាយុ៤៨ឆ្នាំ ជាបងស្រីបង្កើតរបស់ម្ចាស់ផ្ទះ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ។
ការខូចខាតរួមមាន ÷ផ្ទះ០១ខ្នង សង់ខ្ពស់ធ្វើអំពីបេតុងខាងក្រោម ឈើខាងលើប្រក់សង្ក័សីទំហ៊ុំ (៦ម×៨ម) ឆេះខូចខាតផ្នែកជាន់ខាងក្រោម ៥០ភាគរយ,ម៉ូតូចំនួន ០៣គ្រឿង, និងសម្ភារៈសម្លៀកបំពាក់ប្រើប្រាស់លុយ កាក់មួយចំនួន(មិនទាន់ដឹងចំនួនច្បាស់លាស់) ។
លោកអធិការបញ្ជាក់ថា កម្លាំងអន្តរាគមន៍ជួយពន្លត់មាន÷ប៉ុស្តិ៍នគរបាល,ប្រជាការពារ,ប្រជាពលរដ្ឋជិតខាង ដោយប្រើបំពង់ពន្លត់អគ្គីភ័យ រួមជាមួយម៉ាស៊ីនបូមទឹក បានជួយបាញ់ទឹកពន្លត់ ភ្លើងបានរលត់ជាស្ថាពរនៅវេលាម៉ោង២៤នឹង០០នាទីថ្ងៃខែឆ្នាំ ដដែល។
ចំពោះមូលហេតុដែលបណ្តាលឱកយមានមនុស្សស្លាប់និងរបួស០២នាក់ប្តីប្រពន្ធនោះ គឺជនរងគ្រោះសម្រាកលើផ្ទះជាន់ខាងលើក្បែរជណ្តើរចុះ,ចំកន្លែងភ្លើងឆេះ ម៉្យាងទៀតផ្ទះដែលឆេះនោះអត់មានផ្លូវសម្រាប់រថយន្តពន្លត់អគ្គីភ័យចូលទៅដល់បានទេ គឺមានតែច្រកតូចចម្ងាយប្រហែល៦០០ម៉ែត្រ ។
សេចក្តីសន្និដ្ធានគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីនៅជាន់ខាងក្រោម ទើបបណ្តាលឱ្យក្លាយជាអគ្គីភ័យ ៕










