ភ្នំពេញ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤,៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។
គម្រោងវិនិយោគទាំង៨ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង៕

ដោយ៖តារា










