ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើកិច្ចសន្យាណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន
ដែលរំលោភចិញ្ជើមផ្លូវសាធារណៈ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់និងកកស្ទះចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរ។
ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក គ្រួច សុធន់ នាយករងរដ្ឋបាល និងលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់អាជីវកម្មមួយចំនួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្បែរបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលយកផ្លូវសាធារណៈប្រកបអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សាធារណៈជន អ្នកធ្វើដំណើរ។
លោក គ្រួច សុធន់ នាយករងរដ្ឋបាលនៃរដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ថាអាជ្ញាធរខណ្ឌតែងចុះរៀបចំជាប្រចាំតាមបណ្ដាផ្លូវផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌ បានណែនាំដល់បងប្អូនម្ចាស់អាជីវកម្មសូមចូលរួមជាមួយអាជ្ញាធរខណ្ឌ ដើម្បីរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។
លោកនាយករងរដ្ឋបាលបានបន្ថែមថា ពេលចុះរៀបចំសណ្ដាប់ធ្នាប់នេះ លោកបានណែនាំនិងធ្វើកិច្ចសន្យា ដល់អ្នកគ្រប់គ្រងសាលារៀនឯកជន និងទីតាំងជួសជុលរថយន្ត ចូលរួមរក្សារសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណតបង្កការកក់ស្ទះ ត្រូវរក្សាសម្រាប់អ្នកធ្វើដំណើរ ។ លោកបញ្ជាក់ថា ក្នុងករណីមិនចូលរួម ឬមិនសហការនោះអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល៕










