មនុស្ស៦នាក់ស្លៀកពាក់ជាមន្ត្រីប៉ូលីស និងកាន់កាំភ្លើងវាយប្រហារបានប្រើប្រាស់គ្រឿងផ្ទុះដើម្បីចូលទៅក្នុងក្រុមហ៊ុនលោហៈដ៏មានតម្លៃ Pourquery Laboratories ក្នុងទីក្រុងលីយ៉ុងភាគអាគ្នេយ៍នៃប្រទេសបារាំងនៅរសៀលថ្ងៃទី 30 ខែតុលា។
បុគ្គលិកមន្ទីរពិសោធន៍៥នាក់បានរងរបួសស្រាលនៅក្នុងការផ្ទុះនេះ ដែលក្នុងនោះបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ បុគ្គលិក២៨នាក់មានវត្តមាននៅពេលដែលក្រុមចោរប្លន់បានវាយប្រហារ។
លោក Clément ដែលជាបុគ្គលិករបស់ក្រុមហ៊ុនមួយនៅជិត Pourquery Laboratories បាននិយាយថាគាត់ និងសហការីរបស់គាត់បានឮសំឡេងផ្ទុះខ្លាំង។ គាត់បាននិយាយថា “យើងបានលាក់ខ្លួននៅពីក្រោយបង្អួច ហើយអាចមើលឃើញការប្លន់កំពុងកើតឡើង។ យើងបានឃើញបុរសបួននាក់ពាក់ម៉ាស់ ប្រដាប់ដោយអាវុធធុនធ្ងន់ដូចជាកាំភ្លើង Kalashnikov។ ពួកគេមើលទៅស្ងប់ស្ងាត់ និងមានវិជ្ជាជីវៈណាស់”។
សាក្សីបានបន្ថែមថា នៅពេលដែលជនសង្ស័យចាកចេញ ពួកគេបានយកកាបូបតូចៗជាច្រើន “ដែលអាចមានលោហៈដ៏មានតម្លៃ”។ ការវាយប្រហារទាំងមូលមានរយៈពេល 10 នាទី។
ប៉ូលីសមូលដ្ឋានបានចាប់ខ្លួនជនសង្ស័យ៦នាក់យ៉ាងឆាប់រហ័ស និងបានរកឃើញទ្រព្យសម្បត្តិដែលត្រូវបានគេលួចដែលមានតម្លៃប្រហែល 12 លានអឺរ៉ូ (13.8 លានដុល្លារ)។ ប្រភពមួយដែលស្គាល់ករណីនេះបាននិយាយថា ក្រុមនេះគឺជាឧក្រិដ្ឋជនអាជីព ហើយត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Venissieux ដែលនៅក្បែរនោះ។ ប៉ូលីសក៏បានរឹបអូសកាំភ្លើងវាយប្រហារ កាំភ្លើងខ្លី និងគ្រឿងផ្ទុះផងដែរ៕
រូបថត: AFP










