ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១ ខែវិច្ឆិកា បានឱ្យដឹងថា ៖ លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jonathan KINGS ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
ភាគីទាំងពីរបានពិភាក្សាលើបញ្ហាដែលជាប្រយោជន៍រួម រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរឱ្យបានទៀងទាត់ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់នូវែលហ្សេឡង់ ចំពោះសេចក្តីថ្លែងការណ៍រួមរវាងថៃ និងកម្ពុជា ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ៕

			










