ហេតុអ្វីបានជាពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង?

ចែករំលែក៖

នេះមិនមែនជារឿងចម្លែកឡើយដែលពលរដ្ឋប្រទេសក្រីក្របានភៀសខ្លួនទៅកាន់ប្រទេសអ្នកមាន។ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៦ ចំនួនពលរដ្ឋកូរ៉េខាងជើង រត់ទៅរស់នៅកូរ៉េខាងត្បូង កើនឡើង ១៥ភាគរយប្រៀបធៀបនិងដំណាក់កាលដូចគ្នាឆ្នាំ២០១៥ បើទោះបីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បង្កើនការយាមល្បាតតាមព្រំដែនទប់ស្កាត់ពលរដ្ឋចាកចេញពីប្រទេសក្តី។

សារព័ត៌មាន យ៉ងហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា ចាប់តាំងពីខែមករា ដល់ខែសីហា មានពលរដ្ឋកូរ៉េខាងជើង ៨៩៤នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។ ចំណែកក្នុងដំណាក់កាលដូចគ្នាឆ្នាំ២០១៥ មានតែ ៧៧៧នាក់ប៉ុណ្ណោះ។ សរុបពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងគិតត្រឹមចុងខែសីហា ឆ្នាំ២០១៦ មាន ២៩.៦៨៨នាក់។

នៅក្នុងឆ្នាំ២០០៩ គឺជាឆ្នាំដែលមានពលរដ្ឋកូរ៉េខាងជើង រត់ទៅកាន់កូរ៉េខាងត្បូងច្រើនបំផុត ហើយចាប់តាំងពីឆ្នាំ២០១១ មក ពលរដ្ឋកូរ៉េខាងជើងភៀសខ្លួនមានការថយចុះដោយសារតែមេដឹកនាំគីមជុងអ៊ុន បានរិតបន្តឹងការយាមល្បាតតាមព្រំដែនទប់ស្កាត់ពលរដ្ឋភៀសខ្លួនទៅក្រៅប្រទេស។

ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ នេះ ពលរដ្ឋកូរ៉េខាងជើងបែជាភៀសខ្លួនទៅក្រៅកើនឡើងខ្ពស់វិញ ហើយអ្វីដែលគេគត់សម្គាល់នោះគឺសូម្បីតែមន្ត្រីកូរ៉េខាងជើង ក៏ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងផងដែរ។

ពលរដ្ឋកូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង គឺត្រូវបានទទួលឲ្យរស់នៅទីនោះស្របច្បាប់ដោយសារតែពលរដ្ឋប្រទេសទាំងពីមាន ភាសា វប្បធម៌ ប្រពៃណីដូចគ្នា មានដូនតាតែមួយ។

ដើម្បីទប់ស្កាត់ការភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ កូរ៉េខាងជើង បាននឹងកំពុងបង្កប់មីនក្រោមដី ថ្មីៗទៀត នៅក្នុងតំបន់គ្មានយោធា ដែលខណ្ឌចែកកូរ៉េខាងជើងពីខាងត្បូង។ នេះបើតាមទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិនៅកូរ៉េ ដែលមានភារកិច្ចឃ្លាំមើលបទឈប់បាញ់ ព្រមព្រៀងដោយកូរ៉េខាងទាំងពីរ ដើម្បីបិទបញ្ចប់សង្គ្រាម នៅឆ្នាំ១៩៥៣ ។

ទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ នៅកូរ៉េ បានមើលឃើញយោធាកូរ៉េខាងជើង កំពុងដាក់ពង្រាយបង្កប់គ្រាប់មីន នៅតាមបណ្តោយច្រាំងភាគខាងជើងស្ពាន «គ្មានថ្ងៃត្រលប់»។ ហើយអង្គការបានចេញសេចក្តីថ្លែងការណ៍មួយ ធ្វើការថ្កោលទោស យ៉ាងចាស់ដៃ យោធាប្រជាមានិតកូរ៉េខាងជើង ដោយបានគូសបញ្ជាក់ថា គ្រាប់មីន និងជាតិផ្ទុះ នៅលើ និងក្បែរស្ពាន អាចបង្កគ្រោះថ្នាក់ដល់មនុស្សទាំងពីរប្រទេស។

មានមនុស្សរាប់ពាន់នាក់ ភាគច្រើនជាកុមារក្នុងវ័យសិក្សា តែងនាំគ្នាឆ្លងកាត់ និងទៅទស្សនាតំបន់គ្មានកងទ័ព ដែលខណ្ឌចែកកូរ៉េជាពីរ ខាងជើង និងខាងត្បូង ។ ផ្ទុយស្រឡះពីឈ្មោះហៅ «តំបន់គ្មានកងទ័ព”» នេះ ជាតំបន់ដែលមានទាហ៊ានប្រចាំការច្រើនជាងគេបំផុតនៅលើពិភពលោក ជាតំបន់ដែលមានការការពារ និងបង្កប់មីនស្ទើរពេញដី។ តំបន់គ្មានកងទ័ពនេះត្រូវប្រើជាតំបន់ទំនប់ លាតសន្ធឹងប្រវែង២គីឡូម៉ែត្រ ពីបន្ទាត់ព្រំដែន។

សង្គ្រាមនៅឧបទ្វីបកូរ៉េ ពីឆ្នាំ១៩៥០-១៩៥៣ ត្រូវបានបិទបញ្ចប់ដោយបទឈប់បាញ់ តែគ្មានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងគ្នាទេ ដូច្នេះបើតាមភាសាបច្ចេកទេស កូរ៉េខាងជើង និងខាងត្បូង នៅមានសង្គ្រាមនឹងគ្នាជានិច្ច។

ទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ទាក់ទងនឹងការដាក់ពង្រាយមីននេះ ប៉ុន្តែបើតាមប្រភពយោធាមួយពាំពាក្យបន្តដោយភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ សកម្មភាពពង្រាយមីននេះ គឺដើម្បីទប់ស្កាត់កុំឲ្យទាហ៊ានកូរ៉េខាងជើង នៅសមរភូមិមុខលួចរត់គេចខ្លួន ទៅចុះចូលជាមួយនឹងកូរ៉េខាងត្បូងបាន។

ទំនាក់ទំនងអន្តរកូរ៉េ ពេលនេះកំពុងធ្លាក់ក្នុងភាពតានតឹងបំផុត ដោយមានរលកផ្តាច់ខ្លួនសុំជ្រកកោនជាមួយកូរ៉េសេរីច្រើន។ កាលពីថ្ងៃចន្ទ ព្យុងយ៉ាង បានគំរាមថានឹងធ្វើវាយប្រហារនុយក្លេអ៊ែរ នៅថ្ងៃទី១នៃសមយុទ្ធប្រចាំឆ្នាំកូរ៉េខាងត្បូង-អាមេរិក។ ហើយកាលពីថ្ងៃអាទិត្យ អ្នកទទួលខុសត្រូវក្រសួងបង្រួបបង្រួមកូរ៉េ បានលើកឡើងអំពីគ្រោះព្យុងយ៉ាងបង្កភេរវកម្ម ឬ ប្រហារជីវិតអ្នកចង់ចុះចូលនឹងសត្រូវកូរ៉េខាងត្បូងផង៕

1 1 1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print