ភ្នំពេញ៖ ពិព័រណ៌ខេមបៀល២០១៦ (CAMBUILD2016) ស្តីពី “សំណង់អគារ និងបរិក្ខារមេកានិក និងអគ្គិសនីនៅកម្ពុជា”ដោយមានក្រុមហ៊ុនជាង៤០០មកពី២៣ ប្រទេស រួមមានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសិង្ហបុរី ដាក់តាំងបង្ហាញ ផលិតផល សំណង់អគារ ការរចនាប្លង់ រួម ជាមួយគ្រឿងម៉ាស៊ីន មេកានិក និងអគ្គិសនី ដ៏ធំបំផុត ហើយពិព័រណ៍ឆ្នាំនេះនឹងផ្តោតជា ពិសេសទៅលើថាមពលបៃតង ដែលជា មធ្យោបាយមួយក្នុងការកាត់បន្ថយនូវកាកសំណល់ បង្កើនប្រសិទ្ធភាពកាត់បន្ថយ ថាមពល និងសម្ភារកកើតឡើងវិញ ។
លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ថែ្លងនៅក្នុងពិធីបើកការតាំងពិព័រណ៌អន្តរជាតិ CAMBUILD2016 ស្តីពី “សំណង់អាគារ និងបរិក្ខារមេកានិក និង អគ្គិសនីនៅកម្ពុជា” កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ថា នេះគឺជាព្រឹត្តិការណ៍តាំងពិព័រណ៍វិស័យសំណង់ដ៏ធំបំផុតមួយនៅកម្ពុជាលើកទី៦ ដែលមានលក្ខណៈ ពហុជាតិ ដែលមានក្រុមហ៊ុនជាច្រើនមកពីបណ្តាប្រទេស ចិន អីុតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ថៃ សិង្ហបុរី អង់គ្លេស ជាដើម។
លោក ប៉ែន សុផល បន្តថា ការតាំង ពិព័រណ៍វិស័យសំណង់ CAMBUILD2016 លើកនេះរួមមាន ការតាំងបង្ហាញសម្ភារ និងឧបករណ៍សំណង់ និងមានផ្នែកពាក់ ព័ន្ធជាច្រើនផ្នែកថាមពល និងអគ្គិសនី ផ្នែកប្រព័ន្ធសុវត្ថិភាព និងការពារអគ្គិភ័យ ផ្នែកម៉ាស៊ីនត្រជាក់និងកង្ហារ និងផ្នែក អចលនទ្រព្យការវិនិយោគ។ល។ ក្នុងនោះក៏មានការរៀបចំធ្វើសិក្ខាសាលាស្តីពីវិស័យ សំណង់មួយចំនួនទៀត ។ កិច្ចការទាំងនេះ ពិតជាបានចូលរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍ វិស័យសំណង់នៅកម្ពុជានិង ផ្តល់ជម្រើសបន្ថែមខាងបច្ចេកវិទ្យាសម្ភារ បរិក្ខារ និងប្រព័ន្ធគ្រប់គ្រងថ្មីៗសម្រាប់ ធុរជនសំណង់ អ្នកប្រកបវិជ្ជាជីវៈសំណង់ និងអ្នកប្រើប្រាស់ ។
លោករដ្ឋលេខាធិការបន្តទៀតថា វិស័យសំណង់គឺជាកត្តាជំរុញមួយដ៏ធំ រួមជាមួយវិស័យឧស្សាហកម្ម កាត់ដេរ ទេសចរណ៍ និងកសិកម្ម ដែលធ្វើឲ្យ សេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យម ៧,៧ភាគរយក្នុងរយៈពេលពីទសវត្សរ៍ចុងក្រោយ និងធ្វើឲ្យកម្ពុជាជាប្រទេសមាន កំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦ នៅលើពិភពលោក ។
លោកបន្ថែមថា ទុនវិនិយោគក្នុងវិស័យ សំណង់ ឆ្នាំ២០១៥ មានជាង ៣.៣៣៨ លានដុល្លារមានកំណើន៣៣,១៤ភាគរយ និងក្នុងរយៈពេល៨ខែនៃឆ្នាំ២០១៦នេះ មានទុនវិនិយោគសរុបប្រមាណ៧.២១៨ លានដុល្លារ មានកំណើន៤០៤,៣៤ភាគ រយដែលក្នុងនោះមានទាំងការវិនិយោគ ទុនក្នុងប្រទេស និងក្រៅប្រទេស (ប្រទេសចិន ជប៉ុន កូរ៉េ សិង្ហបុរី ថៃ អង់គ្លេស ហុល្លង់ និងអាមេរិក)។ ជាមួយគ្នានេះ ក្រុមហ៊ុន ធ្វើអាជីវកម្មសំណង់ដែលមកចុះបញ្ជីនៅ មានសុពលភាព ក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួន៨១២ ក្រុមហ៊ុន ហើយក្នុងនោះមានក្រុមហ៊ុន ឬ ជាសាខាក្រុមហ៊ុនមកពីក្រៅប្រទេសចំនួន ២៦៣ក្រុមហ៊ុន ។
លោក ប៉ែន សុផល បន្តទៀតថា ជាមួយ នឹងការរីកចម្រើនលើវិស័យសំណង់ និង ការអភិវឌ្ឍទីក្រុង ចំនួនប្រជាពលរដ្ឋរស់ នៅក្នុងតំបន់ទីក្រុងក៏មានកំណើនយ៉ាងឆាប់រហ័សដែរ ។ តាមការសិក្សាបង្ហាញថា នៅ ឆ្នាំ២០១៤កំណើនប្រជាជនរស់នៅតំបន់ទីក្រុងមានចំនួន ៤,៥០លាននាក់ ត្រូវជា ៣០ភាគរយនៃចំនួនប្រជាជនសរុប និង នៅឆ្នាំ២០៣០ កំណើនប្រជាជនដែលរស់ នៅតំបន់ទីក្រុង មានចំនួន៧,៩២លាននាក់ ត្រូវជា៤៤ភាគរយ នៃប្រជាពល រដ្ឋសរុប ។
លោក Andrew Siow អគ្គនាយក នៃក្រុមហ៊ុន AMB TARSUS EVENTS GROUP ដែលជាអ្នករៀបចំពិព័រណ៍ខេម បៀលបានឲ្យដឹងដែរថា ពួកយើងលើកទឹក ចិត្ត ជាពិសេសសម្រាប់វត្តមានរាល់អ្នក អភិវឌ្ឍគម្រោងស្ថាបត្យករ ក្រុមអ្នករចនា អ្នកម៉ៅការ ទីប្រឹក្សាផ្នែកគ្រឿងម៉ាស៊ីន និងអគ្គិសនី វិស្វករ អ្នកគ្រប់គ្រងផ្នែកគ្រឿងបរិក្ខារសំណង់ អ្នកចែកចាយនិងនាំចូល ក្នុងការចូលរួមទស្សនា ពិព័រណ៍មួយនេះ ដែលជាកន្លែង ស្វែងរកប្រភពអ្នកផ្គត់ផ្គង់ ថ្មីៗ ទទួលបាននូវគំនិត ក៏ដូចជាការបង្កើតថ្មីដើម្បីអភិវឌ្ឍគុណភាព ផលិតភាព និង ការបង្កើតប្រាក់ចំណេញ ។ ពិសេសលើស ពីនេះទៅទៀតភ្ញៀវទស្សនាអាចជួបជជែក ជាមួយនឹងអ្នកឯកទេសលើវិស័យ និងចូលរួមក្នុងសិក្ខាសាលាដោយឥតគិតថ្លៃ ។
ការដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ខេមបៀល២០១៦ រួមមានផលិតផល ដូចជា ស៊ីម៉ងត៍ បំពង់ទីបជ័រ ឥតការ៉ូ ប្រព័ន្ធអគ្គិសនី គ្រឿងចក្រសំណង់ បរិក្ខារផ្ទះបាយ និង បន្ទប់ទឹក សូត្របិទជញ្ជាំង ថ្នាំលាបពណ៌ ប្រព័ន្ធ ទឹកក្តៅ និងត្រជាក់ ដំបូល hardware កណ្តឹងអគ្គិភ័យ និងប្រព័ន្ធគ្រប់គ្រង អគារ ពិតាន ប្រព័ន្ធតម្លើងអគ្គិសនី បន្ទះ អាលុយ មីញ៉ូម បង្អួច ទ្វារ កម្រាល sealants ប្រព័ន្ធ បន្សុទ្ធទឹក ទុយយោបូមទឹក សោ ប្រព័ន្ធ សុវត្ថិភាព ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធ ខ្យល់ និងផលិតផលដទៃជាច្រើនទៀត ។
ចំណែកកញ្ញា Pimpatra Tunduan ដែលបានដាក់សម្ពោធនូវផលិតផល Practika នៅក្នុងថ្ងៃនេះ ក៏បានឲ្យដឹងដែរថា Practika ជាមជ្ឈមណ្ឌលឧស្សាហកម្មគ្រឿងសង្ហារិម ដែលជាកម្មសិទ្ធិបញ្ញាផ្ទាល់របស់គ្រួសារថៃមួយ ដែលមានមូលដ្ឋានគ្រឹះ នៅទីក្រុងបាងកកនៃប្រទេសថៃ ។ មជ្ឈ មណ្ឌល Practika បង្កើតឡើងក្នុង ឆ្នាំ១៩៨៦។ ក្រុមហ៊ុននេះត្រូវបានគ្រប់ គ្រងដោយស្ថាបត្យករ២រូប ដែលមានវិជ្ជាជីវៈច្បាស់លាស់ជា៤០ឆ្នាំ រួមជាមួយ និយោជិតចំនួន៦០០នាក់ ដែលមានបទ ពិសោធន៍ ផ្នែកឧស្សាហ៍កម្ម គ្រឿងសង្ហារិម បានធ្វើឲ្យរោងចក្រផលិតគ្រឿងសង្ហារិម Practika ក្លាយជារោងចក្រលំដាប់ពិភពលោក ៕
ដោយ៖ ស ដារ៉ា