ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងតែជំរុញដាក់ពង្រាយស្ថានីយ សាកអាគុយរថយន្តទូទាំងប្រទេស ហើយនៅក្នុងពេលដ៏ឆាប់នេះ អគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល នឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេស តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន អាចសាកចន្លោះ២០នាទី ឬកន្លះម៉ោង អារត់បានចម្ងាយផ្លូវ ៣០០ ឬ៤០០គីឡូម៉ែត្រ។
ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី កែវ រតនៈ បានធ្វើឡើងនៅក្នុងឱកាសលោកផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ថ្មីៗនេះ បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពល របស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ជំហានបន្ទាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងយកផលពីថាមពលអគ្គិសនីបៃតង ដែលមានអត្រាខ្ពស់នេះ មិនត្រឹមតែទាក់ទាញឧស្សាហកម្ម ទេសចរណ៍ និងបង្កើតការងារថ្មីៗនោះទេ ប៉ុន្តែយកផលទាំងនេះទៅឱ្យវិសយផ្សេង ដើម្បីឱ្យបានផលច្រើនជាដើម។
លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្មីៗនេះរាជរដ្ឋាភិបាល កំពុងតែជំរុញដាក់ពង្រាយស្ថានីយ សាកអាគុយរថយន្តទូទាំងប្រទេស ហើយនៅក្នុងពេលដ៏ឆាប់នេះ អគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល នឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេស តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន អីឡូវយើងសាកតាមផ្ទះវា ៦ ទៅ៧ម៉ោង តែបើសិនង៉ៃក្រោយយើងទៅផឹកកាហ្វេ យើងសាកតែ២០នាទី ឬកន្លះម៉ោងយើងរត់បាន ៣០០ ឬ៤០០គីឡូម៉ែត្រ»។
ត្រង់ចំណុចនេះត្រូវបានលោករដ្ឋមន្ត្រី កែវ រតនៈ ពន្យល់ថា មូលហេតុដែលរដ្ឋសម្រេចដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនបែបនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈ ដែលមានកម្រិតបំពុលបរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។
លោករដ្ឋមន្ត្រី បានបន្ថែមថា ការសម្រេបបែបនេះ គឺរដ្ឋាភិបាលកម្ពុជាគិតគូរអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឱ្យចំណាយប្រាក់លើការប្រើប្រាស់យានយន្តតិចជាងមុន ព្រោះផ្អែកតាមការសិក្សាស្រាវជ្រាវ គឺការប្រើប្រាស់យានយន្តអគ្គិសនី គឺចំណាយតិចជាង ហើយចំណេញបាន៥ដង នៃការប្រើប្រាស់យានយន្តដែលចាក់ប្រេងឥន្ធនៈ ដោយសារតែរថយន្តអគ្គិសនីចំំណាយលើការបញ្ចូលថាមពល ការជួសជុលតិចជាងរថយន្តដែលចាក់ប្រេងឥន្ធនៈ។ ម្យ៉ាងទៀត រដ្ឋមន្ត្រីរ៉ែ និងថាមពល ថា ការសម្រេចបែបនេះ គឺគិតគូរដល់ការចូលរួមថែរក្សាបរិស្ថានទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងពិភពលោកជារួមតែម្ដង។
លោករដ្ឋមន្ត្រី កែវ រតនៈ សង្កត់ធ្ងន់បែបនេះ៖ «ដូច្នេះ ផែនការរបស់ក្រសួងរ៉ែ និងថាមពល គឺត្រូវទម្លាក់ថ្លៃសាករថយន្ត ដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្ន ១៦០០រៀល,១៧០០រៀល ឬ ២០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅក្រោមហ្នឹង។ ការពង្រាយប្រព័ន្ធនេះឱ្យកាន់តែច្រើន ដើម្បីឱ្យបងប្អូនយើងធ្វើដំណើរទៅណាក៏អត់ខ្លាចថាគ្មានកន្លែងសាកអាគុយយានយន្តដែរ។ ដូច្នេះពេលវេលាខាងមុខ យើងនឹងបានផល គឺយកអគ្គិសនីបៃតងរបស់យើងទៅឱ្យផលក្នុងវិស័យដឹកជញ្ជូន»។
រដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា ការគិតគូរលើវិស័យនេះ គឺមិនត្រឹមតែចំពោះអ្នកប្រើប្រាស់យានយន្តអគ្គិសនីលក្ខណៈគ្រួសារប៉ុណ្ណោះទេ ពោលគឺរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរទៅលើវិស័យដឹកជញ្ជូនទំនិញ ឬភស្តុភាកម្ម និងវិស័យកសិកម្មដូចគ្នាដែរ។
សូមរម្លឹកថាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៥ បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល គិតគូរពីការដាក់ពង្រាយបន្ថែមទៀត នូវស្ថានីយសាកថ្មរថយន្តអគ្គិសនី ប៉ុន្តែត្រូវធានាឱ្យបាន នូវស្តង់ដារគុណភាព និងសុវត្ថិភាព។ ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី (EV) ចុះបញ្ជីសរុប ២,២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០% (ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។
គោលនយោបាយជាតិ គឺជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាព និងតាមបច្ចេកវិទ្យាយានយន្តអគ្គិសនី ដែលកំណត់គោលដៅ ឆ្នាំ២០៣០ សម្រេចបានការចុះបញ្ជី៖ រថយន្តប្រភេទ EV សុទ្ធ ចំនួន ៣០,០០០គ្រឿង ក្នុងនោះរថយន្ត EV សុទ្ធ (private cars) ចំនួន ២៥,០០០គ្រឿង និងរថយន្ត EVសុទ្ធ សម្រាប់ប្រើក្នុងសកម្មភាពអាជីវកម្ម (commercial cars) ចំនួន ៥,០០០គ្រឿង ទោចក្រយានយន្ត EV សុទ្ធ ចំនួន ៧២០,០០០គ្រឿង និងត្រីចក្រយានយន្ត EV សុទ្ធ ចំនួន ២០,០០០គ្រឿង៕ដោយ៖តារា

			








