ភ្នំពេញ ៖ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បាននិងកំពុងយកចិត្តទុកដាក់បំផុតលើសុខទុក្ខរបស់វីរកងទ័ពកម្ពុជាយេីង តាមរយៈការណែនាំឱ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយករទេះរុញ (Wheelchair) និងផ្គត់ផ្គង់អាហារជូនដល់វីរកងទ័ពឈ្មោះ “មួន ពឿន” ព្រមទាំងក្រុមគ្រួសារ ក្នុងអំឡុងពេលលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែរថា វីរកងទ័ព “មួន ពឿន” ត្រូវបានបញ្ជូនមកពីខេត្តព្រះវិហារ ដើម្បីព្យាបាលជំងឺដុំសាច់នៅក្នុងឆ្អឹងកងខ្នង (Tumeur Médullaire) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈការព្យាបាលដោយវះកាត់យ៉ាងយកចិត្តទុក្ខដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យ អស់រយៈពេលជាងមួយខែមកនេះ។
វីរងកងទ័ព និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរគិតគូរដល់សុខទុក្ខដល់គាត់ផ្ទាល់ រួមទាំងប្រជាជនកម្ពុជាគ្រប់ៗរូប។ លោកពូរ និងក្រុមគ្រួសារ ថែមទាំងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានព្យាបាលនិងថែទាំគាត់ដោយយកចិត្តទុក្ខដាក់៕
ដោយ ៖ សិលា










