ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនព័ត៌មានដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន ១២រូប ដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិ ០១រូប ដើម្បីចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចសហ ប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដែលបានចុះហត្ថលេខារួមគ្នាកាលពី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
សេចក្តីសម្រេចនេះរៀបចំឡើងតាមខ្លឹមសារនៃផែនការសកម្មភាព ចំណុចទី៨ ស្តីពី “ក្រុមការងារ ដើម្បីអនុវត្តផែនការសកម្មភាព” និងបានផ្ញើជូន ឯកឧត្តម នាយឧត្តមសេនីយ៍ KITTHARATH PUNPETCH អគ្គស្នងការនគរបាលភូមិន្ទថៃ ជាផ្លូវការរួចហើយ ដោយអនុលោមតាមស្មារតីកិច្ចប្រជុំពិសេសលើកទី១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការ ព្រំដែនទូទៅ GBC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក លើបច្ចេកទេសស៊ើបអង្កេត វត្ថុតាង និងការអនុវត្តវិធានការច្បាប់ចំពោះជនសង្ស័យ ដោយគោរពតាម គោលការណ៍ច្បាប់នៃប្រទេសទាំងពីរ។ ការបង្កើតក្រុមការងារនេះ ភាគីទាំងពីរត្រូវជូនដំណឹងជាផ្លូវការឱ្យគ្នា ទៅវិញទៅមក នូវសមាសភាពក្រុមការងារ ដើម្បីអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាពភ្លាមៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន៕ដោយ៖តារា

			








