ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងថា ៖ ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ជាមុំអាទិភាពមួយទៀតរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន័វិស័យព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះ។ ការបណ្តុះបណ្តាលទាំងផ្នែកវិក្រឹត្យការវិជ្ជាជីវៈ និងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ជាកិច្ចការងារដែលក្រសួងព័ត៌មានបានធ្វើដើម្បីពង្រឹងគុណភាពព័ត៌មាន។ មណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការនិងវិជ្ជាជីវៈសារព័ត៌មានបានដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលបន្ត និងបំប៉នបន្ថែមនូវសមត្ថភាពដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានមកពីវិស័យឯកជន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ៖ ក្រសួងបាននិងកំពុងចាប់ដៃជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដើម្បី បង្កើតមហាវិទ្យាល័យសារព័ត៌មានមួយដើម្បីផ្តល់ឱកាសជូនដល់យុវជនដែលមានបំណងចាប់អាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍អាចចូលសិក្សាបាន។ នេះជាចក្ខុវិស័យយូរអង្វែងរបស់ក្រសួងព័ត៌មានក្នុងការកសាងមូលធនមនុស្សក្នុងវិស័យនេះ និងការបណ្តុះបណ្តាលអ្នកបន្តវេន។ សូមអបអរជ័យលាភីដែលទទួលបាននូវចំណេះដឹងថ្មីតាមរយៈការបណ្តុះបណ្តាលរៀបចំដោយក្រសួងព័ត៌មាននិងដៃគូរបស់ខ្លួន។ ឆ្នាំ២០២៥ ជាឆ្នាំដែលក្រសួងបានផ្តោតជាសំខាន់លើការកសាងមូលធនមនុស្ស និងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន៕
ដោយ ៖ សិលា










