ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃអាទិត្យទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ក្រាបករណីគ្រឿងញៀននៅ ចំណុចផ្ទះលេខ159 ផ្លូវបេតុងលេខBT12M ស្ថិតក្នុងភូមិព្រៃកី.ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅ ចំណុចផ្ទះលេខ29 បុរីប៉េងហួត បឹងស្ងោរ POLARIS ផ្លូវលេខP16 ស្ថិតនៅក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ និងដកហូត វត្ថុតាងពីជនសង្ស័យឈ្មោះ ខឹង-វៃស៊ឹង (DENG-WEISHENG) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ នូវសារធាតុញៀន ប្រភេទ កេតាមីន (K) ទម្ងន់ ៦៤.៥៧១.៥៦ ក្រាម សារធាតុញៀនប្រភេទ អ៊ុចស្តាស៊ី (MDMA) ទម្ងន់ ៣១.៨៧៥,៦៣ ក្រាម សារធាតុផ្សំមិនច្បាស់លាស់ ទម្ងន់ ៣.០១០,៧ ក្រាម ជញ្ជាំងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ៥ គ្រឿង ម៉ាស៊ីនសម្រាប់ក្រឡុក គ្រឿងញៀន ចំនួន ១ គ្រឿង កែវចម្រាញ់គ្រឿងញៀន ចំនួន ២ និងសំបកស្បោងប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀន មួយចំនួន ។
បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ រក្សាទុក, ដឹកជញ្ជូន, ជួញដូរ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤៥ មាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕ដោយ៖តារា










