ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ ដែលពួកគាត់ចាត់ទុកថា ការបង្កើតមាតិកាបែបនេះ នាំឱ្យមានការស្អប់ខ្ពើម និងការរើសអើង។ អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួរយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថាខេត្តតាកែវ។
តាមរយៈបណ្តាញសង្គម ពលរដ្ឋមួយចំនួនបានគាំទ្រឱ្យក្រសួងព័ត៌មានគ្រប់គ្រងលើជនដែលបង្កើតមាតិកាវីដេអូ ដោយត្រូវឱ្យពួកគេចុះឈ្មោះនៅក្រសួងព័ត៌មាន ជាពិសេសតម្រូវឱ្យមានសញ្ញាប័ត្រយ៉ាងតិចបរិញ្ញាប័ត្រ ពីសាលាដែលគេទទួលស្គាល់។ បើមិនដូច្នេះទេ នឹងបង្កភាពរញេរញៃ ខណៈក្មេងទំនើងខ្លះដែលគ្មានសីលធម៌ក៏អាចបង្កើតមាតិកាបាន ដែលនាំឱ្យជិះឥទ្ធិពលអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ ។
ពលរដ្ឋមួយរូបទៀតបានលើកឡើងថា ខេត្តតាកែវ គឺជាខេត្ត ដំបូងគេ ដែលមានប្រជាជន និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពោរពេញដោយបេះដូងមនុស្សធម៌ សម្រាប់ការងារសង្គម និងសន្តិភាព។ ហើយការធ្វើមាតិកាបែបនេះ ហាក់បីដូចជា យកខេត្តតាកែវមកលេងសើច និងជាការប្រមាថ។ ពួកគេទាមទារឱ្យ អ្នកផលិតមាតិការូបនោះ ត្រូវតែធ្វើការសុំទោស ទៅដល់ពលរដ្ឋនៅខេត្តតាកែវទាំងមូល បើមិនដូច្នេះទេ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់។
ជុំវិញករណីនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការផលិតមាតិកាបែបនេះ គឺជាទង្វើខ្វះសីលធម៌ និង វិជ្ជាជីវៈ ដែលធ្វើឲ្យមនុស្សមួយខេត្ត ត្រូវបានគេរើសអើង ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា លោកមិនអាចទទួលយកមិនបាននោះទេ និងបានណែនាំឱ្យមន្ទីរព័ត៌មានខេត្ត ត្រូវតាមរកបុគ្គលនេះ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖តារា










