នាយករដ្ឋមន្រ្តីរុស្ស៉ី Mikhail Mishustin ទៅបំពេញទស្សនកិច្ចដ៏សំខាន់ទៅកាន់ប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា នាថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីនៃប្រទេសរុស្ស៉ី លោក Mikhail Mishustin បានចេញដំណើរដើម្បីទៅធ្វើទស្សនកិច្ច រយៈពេល២ថ្ងៃនៅប្រទេសចិន ហើយជួបនាយករដ្ឋមន្រ្តីចិន និងប្រធានាធិបតីចិន ក្នុងកិច្ចពិភាក្សា ដែលត្រូវបានរំពឹងថា នឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ដើម្បីទប់ទល់សម្ពាធពីក្រុមលោកខាងលិច។

អំឡុងទស្សនកិច្ចខាងលើ លោក Mishustin នឹងត្រូវចូលរួមកិច្ចប្រជុំទូទៅនៃប្រមុខរដ្ឋាភិបាលរុស្ស៉ី-ចិន ជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅឯទីក្រុង Hangzhou ក្នុងថ្ងៃចន្ទនេះ ហើយបន្ទាប់មក រូបលោកនឹងធ្វើដំណើរទៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារ ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ កិច្ចប្រជុំប្រមុខរដ្ឋាភិបាលរុស្ស៉ី-ចិនលើកចុងក្រោយ បានប្រព្រឹត្តទៅនៅទីក្រុងមូស្គូ កាលពីខែសីហា ឆ្នាំ២០២៤ ដែលអំឡុងពេលនោះ លោក Li បានសាទរទំនាក់ទំនងទ្វេភាគី។
កាលពីថ្ងៃសុក្រសប្តាហ៍មុន វិមានក្រឹមឡាំងបាននិយាយថា រុស្ស៉ីផ្តល់សារសំខាន់ជាខ្លាំង ចំពោះទស្សនកិច្ចរបស់លោក Mishustin មកកាន់ប្រទេសចិន ប៉ុន្តែបានបដិសេធបង្ហើបឱ្យដឹងថា តើប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមានសារអ្វីផ្ញើទៅកាន់លោក ស៉ី ជីនពីង តាមរយៈលោកនាយករដ្ឋមន្រ្តីរុស្ស៉ី ដែរឬអត់ឡើយ។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺត្រឹមប៉ុន្មានថ្ងៃមុនរុស្ស៉ីធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន លោក ពូទីន និងលោក ស៉ី បានរួមគ្នាប្រកាសភាពជាដៃគូគ្មានដែនកំណត់រវាងប្រទេសទាំងពីរ ហើយចាប់តាំងពីពេលនោះ ទីក្រុងមូស្គូបានងាកទៅរកទីក្រុងប៉េកាំង ដើម្បីទប់ទល់ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មពីលោកលិច៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print