បុរស២នាក់ឈ្លោះគ្នារឿងយកប្រហិតរបស់ថៃមកឱ្យខ្លួនហូប ទាញកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលកើតឡើងនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជន ណារ៉ន់ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលត្នោត ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អែម សម្បត្តិ អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅដូចគ្នា។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយផឹកស្រាបៀរជាមួយមិត្តភក្តិប្រមាណ ៥នាក់នៅទីតាំងកើតហេតុ។ បន្ទាប់មកជនរងគ្រោះបានយកប្រហិតមកចែកគ្នាក្លែម ហើយមិត្តម្នាក់បានយកប្រហិតមួយដុំឱ្យជនសង្ស័យ ប៉ុន្តែជនសង្ស័យឆ្លើយថា មិនចង់ហូបទេ ពីព្រោះមើលទៅគួរឱ្យខ្ពើម។ ពាក្យនេះបានបណ្តាលឲ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ជនសង្ស័យវាយជនរងគ្រោះមួយដៃ ហើយជនរងគ្រោះក៏ដាល់តបមួយដៃផងដែរ។

បន្ទាប់មក ជនសង្ស័យបានដើរចេញពីកន្លែងកើតហេតុ ប៉ុន្តែមកវិញ ដោយយកកាំបិតចុងស្រួចពីក្នុងហោប៉ៅខោ ចាក់ទៅលើជនរងគ្រោះមួយកាំបិត ត្រូវចំឆ្អឹងជំនីខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗប្រជាពលរដ្ឋបានជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ តែដោយរបួសធ្ងង់ធ្ងរ ក៏បន្តបញ្ជូនបន្តទៅមន្ទីរពេទ្យខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ។

បច្ចុប្បន្ន កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ និងរក្សាវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print