ខេត្តកំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយលោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិរបស់គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាមមួយគ្រួសារ ដែលមានដីតែមានជម្រកស្នាក់នៅមិនសមរម្យ ស្ថិតនៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកយាយ គល់ វួន ត្រូវជាគ្រួសារអតីតយុទ្ធជនពលីរៀបរាប់ថា ប្ដីរបស់គាត់ឈ្មោះ រិទ្ធ រឿន ធ្លាប់បានបម្រើ ការនៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានពលីនៅសមរភូមិនិពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឆ្នាំ១៩៩០។ បច្ចុប្បន្នលោកយាយមានអាយុ ៦៦ ឆ្នាំ មានកូន និងចៅចំនួន ៥នាក់ នៅក្នុង បន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដោយប្រកបមុខរបរលក់ឱសថបុរាណបន្តិចបន្តួច និងកូនរបស់គាត់បានចេញទៅស៊ីឈ្នួលគេនៅខេត្តព្រះវិហារ ដើម្បីយកប្រាក់មកជួយដោះស្រាយស្បៀងអាហារហូបចុកប្រចាំថ្ងៃ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីទុកជាចំណងដៃតកូនតចៅរស់នៅបានសមរម្យជារៀងរហូត។
គួរជម្រាបជូនដែរថា ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកយាយ គល់ វួន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។
ជាមួយគ្នានោះ លោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះថ្មី១ខ្នងជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រកស្នាក់នៅមិនសមរម្យនៅស្រុកប្រាសាទបល្ល័ង្ក និងគោរពជូនពរសម្ដេចនិងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ជាន់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
 
 
 
 

			








