កីឡាករDesire Doue បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អបំផុត (Golden Boy) ឆ្នាំ២០២៥ ជាមួយនឹងកីឡាការិនី Michelle Agyemang ទទួលបានពានរង្វាន់កីឡាការិនីវ័យក្មេងលេងល្អបំផុត (Golden Girl)នៅអឺរ៉ុប។
ខ្សែប្រយុទ្ធបារាំង Doue ដែលមានអាយុ ២០ ឆ្នាំគឺកីឡាករដ៏សំខាន់កាលពីរដូវកាលមុនខណៈដែល Paris St-Germain បានឈ្នះពានរង្វាន់ ៣ រួមទាំងពានរង្វាន់ Champions League លើកដំបូងមិនធ្លាប់មានរបស់ពួកគេ។
កីឡាករសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៦ ដងក្នុងចំណោម ៦១ ប្រកួត រួមទាំងការស៊ុតបញ្ចូលទីពីរដងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ PSG ជាមួយក្រុម Inter Milan ។
ចំណែកខ្សែប្រយុទ្ធអង់គ្លេស និងក្លឹប Brighton កីឡាការិនី Agyemang ដែលកំពុងខ្ចីជើងពីក្លឹប Arsenal ស៊ុតបញ្ចូលទីបានពីរគ្រាប់ដ៏សំខាន់ ខណៈដែលក្រុមជម្រើសជាតិស្រ្តីអង់គ្លេសបានឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2025 និងត្រូវបានតែងតាំងជាកីឡាការិនីវ័យក្មេងប្រចាំការប្រកួតនោះផងដែរ។
កីឡាការិនីវ័យ 19 ឆ្នាំបានចាប់ផ្តើមនៅក្នុងការប្រកួត 5 ដងក្នុងចំណោមការប្រកួត WSL របស់ Brighton ក្នុងរដូវកាលនេះ ប៉ុន្តែត្រូវបានគេកំណត់ថានឹងអវត្តមានក្នុងយុទ្ធនាការដែលនៅសល់បន្ទាប់ពីបានដាច់សរសៃពួរផ្នែកខាងមុខរបស់នាង។
អ្នកឈ្នះរង្វាន់ត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារជាមួយនឹងពិធីផ្លូវការដែលធ្វើឡើងនៅថ្ងៃទី 1 ខែធ្នូ។ ពានរង្វាន់ដែលបង្កើតឡើងដោយកាសែតអ៊ីតាលី Tuttosport នេះត្រូវបានសម្រេចដោយការស្ទង់មតិរបស់អ្នកកាសែតកីឡាចំនួន 50 នាក់ដែលបានជ្រើសរើសមកពីទូទាំងទ្វីបអឺរ៉ុប។ ពួកគេត្រូវបានផ្តល់ឱ្យកីឡាករបាល់ទាត់អាយុក្រោម 21 ឆ្នាំដ៏ល្អបំផុតជារៀងរាល់ឆ្នាំ ដោយខ្សែប្រយុទ្ធ Lamine Yamal របស់ Barcelona បានក្លាយជាម្ចាស់ពានរង្វាន់ Golden Boy កាលពីឆ្នាំមុន៕










