មន្ត្រីហ្វីលីពីនបាននិយាយនៅថ្ងៃទី៦ ខែវិច្ឆិកាថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi នៅកណ្តាលប្រទេសហ្វីលីពីនបានកើនឡើងដល់យ៉ាងហោចណាស់ ១១៤នាក់ ដោយមាន ១២៧នាក់នៅតែបាត់ខ្លួន។
ជនរងគ្រោះភាគច្រើនត្រូវបានកត់ត្រានៅក្នុងខេត្ត Cebu ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយព្យុះ អមដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីតំបន់នេះត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ធំមួយ។
យោងតាមលោក Bernardo Rafaelito Alejandro IV អនុប្រធានទីភ្នាក់ងារការពារជនស៊ីវិល បានបញ្ចាក់ថា ព្យុះ Kalmaegi បានបោកបក់ឆ្លងកាត់ទីក្រុង Cebu នៅថ្ងៃទី៤ ខែវិច្ឆិកា ដែលបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ខណៈដែលទន្លេ និងប្រឡាយទឹកបានហៀរចេញ។ ទឹកជំនន់ដែលកើនឡើងបានបំបែកតំបន់លំនៅដ្ឋានជាច្រើន ដែលបង្ខំឱ្យប្រជាជនឡើងលើដំបូលផ្ទះរបស់ពួកគេដើម្បីរង់ចាំការជួយសង្គ្រោះ។ នៅ Cebu យ៉ាងហោចណាស់មានមនុស្ស ៧១នាក់បានស្លាប់ ៦៥នាក់បាត់ខ្លួន និង ៦៩នាក់រងរបួស។ ខេត្តជិតខាង Negros Occidental ក៏បានរាយការណ៍ថាមានមនុស្ស ៦២នាក់ទៀតបាត់ខ្លួនផងដែរ។
លោកស្រី Pamela Baricuatro អភិបាលខេត្ត Cebu បាននិយាយថា ទោះបីជាមានការឆ្លើយតបជាមុនរបស់រដ្ឋាភិបាលក៏ដោយ “ស្ថានភាពដែលមិននឹកស្មានដល់ដូចជាទឹកជំនន់ភ្លាមៗនៅតែកើតឡើង”។ នាងបាននិយាយថា ការជីកយករ៉ែជាបន្តបន្ទាប់ ដែលបានធ្វើឱ្យទន្លេស្ទះ និងគម្រោងគ្រប់គ្រងទឹកជំនន់មិនល្អ អាចធ្វើឱ្យការខូចខាតកាន់តែធ្ងន់ធ្ងរឡើង។ ទន្ទឹមនឹងនេះ អ្នកស្ម័គ្រចិត្តជួយសង្គ្រោះ Caloy Ramirez បានពិពណ៌នាអំពីកន្លែងកើតហេតុនៅក្នុងសហគមន៍មាត់ទន្លេមួយក្នុងទីក្រុង Cebu ថាជា “ភាពវឹកវរទាំងស្រុង” ដោយរថយន្តត្រូវបានទឹកគួចបោកបក់យកទៅ និងផ្ទះសម្បែងត្រូវបានបំផ្លាញ។
លើសពីនេះ យោធាហ្វីលីពីនបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រកងទ័ពអាកាសមួយគ្រឿងបានធ្លាក់នៅខេត្ត Agusan del Sur កាលពីថ្ងៃទី 4 ខែវិច្ឆិកា ខណៈពេលកំពុងបំពេញបេសកកម្មជួយសង្គ្រោះ ដោយបានសម្លាប់ទាហានចំនួនប្រាំមួយនាក់នៅលើយន្តហោះ។ មូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ៕
រូបថត: TTXVN










