វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Pfizer ដែលជា ក្រុមហ៊ុនមានជំនាញឯកទេសក្នុងការសិក្សា ស្រាវជ្រាវ និង ផលិតឱសថ ឈានមុខ គេ បំផុត មួយ របស់ ពិភពលោក។ ជំនួបនាឱកាស នេះ បាន ផ្តោត លើ ការ ផ្សារភ្ជាប់ វិស័យ ឱសថ និង សុខាភិបាល កម្ពុជា ជាមួយ បច្ចេកវិទ្យានិង ស្តង់ដា សកល របស់ Pfizer។
ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំ ក្រុមហ៊ុន Pfizer បាន បង្ហាញ ចំណាប់អារម្មណ៍ យ៉ាង ខ្លាំង ចំពោះ ការ យកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ ជំរុញ វិស័យ សុខាភិបាល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ Pfizer ក៏បាន បង្ហាញឆន្ទៈក្នុងការ បន្ត ធ្វើការ យ៉ាង ជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួង ពាក់ព័ន្ធ ដើម្បី សិក្សា លទ្ធភាព នៃ ការ ពង្រីក សកម្មភាព អាជីវកម្ម នៅ កម្ពុជា ជាពិសេស លើ ការ ផ្គត់ផ្គង់ ជាមួយលក្ខខណ្ឌពិសេសសម្រាប់ឱសថ សំខាន់ៗ និង ការ គាំទ្រ ដល់ កម្មវិធី សុខភាព សាធារណៈនានា។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បាន សង្កត់ធ្ងន់ ពី ឆន្ទៈ ក្នុង ការ ធ្វើការ រួមគ្នា ដើម្បី ធានា ថា ផលិតផល របស់ Pfizer អាច ចូល ទៅដល់ ទីផ្សារ កម្ពុជា បាន កាន់តែ លឿន និង ទូលំទូលាយ ជាពិសេសជាមួយនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជ្កកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ ដែលនឹងផ្តល់នូវបរិយាកាសអំណោយផលបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយការវិនិយោគនៅក្នុងវិស័យសុខាភិបាល ការផលិតឱសថ និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) ទទួលបានការលើកទឹកចិត្តយ៉ាងពិសេស តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តកិច្ចខិតខំ ប្រឹងប្រែង ក្នុង ការ បណ្តុះបណ្តាល ធនធានមនុស្ស និង ការ ផ្ទេរ ចំណេះដឹង ក្នុង វិស័យ ឱសថសាស្ត្រទៅដល់ប្រជាជនកម្ពុជាផងដែរ៕


















