ខេត្តស្ទឹងត្រែង៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តឹងត្រែង នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង រក្សាបាននូវសន្តិសុខ សណ្តាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀន ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោកអភិបាលខេត្ត បានជំរុញដល់សមត្ថកិច្ចទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីរបស់ខ្លួនបន្ថែមទៀត ក្នុងការថែរក្សាឱ្យបាននូវ សន្តិសុខ សណ្តាប់ សាធារណៈ គ្រប់ពេលវេលា ជូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ហើយអនុវត្តឱ្យបានម៉ឺងម៉ាត់ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តនិយាមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) .
ផ្សព្វផ្សាយលិខិតលេខ ០១៩/០៧២៥ លស/លគបឆប ស្តីពីការរៀបចំនីតិវិធីគ្រប់គ្រង និងវត្ថុតាងពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកប្រព័ន្ធបច្ចេកវិទ្យា ( online scams ) បម្រើអោយនីតិវិធីនៃការបណ្តេញជនល្មើសចេញពីព្រះរាជាណាចក្រកម្ពុជា។
ផ្សព្វផ្សាយនូវបទបញ្ជា របស់រាជរដ្ឋាភិបាលលេខ០២ បប បទបញ្ជាស្តីពីការដាក់ចេញនូវវិធានាការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ កាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា។
ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុក់ដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងបានវាយតម្លៃខ្ពស់ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្ត គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។
បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹមដោយអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ៕














