ខេត្តកំពង់ចាម ៖ បុរសពីរនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ាស៊ីនច្រូតស្រូវបុកជាមួយម៉ូតូ១គ្រឿង នៅវេលាព្រលប់។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី ៦វិច្ឆិកាឆ្នាំ២០២៥ នៅចំណុចនៅលើផ្លូវក្រាលកៅស៊ូមួយកន្លែងស្ថិតនៅភូមិ ត្រពាំងគរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម៉ាស៊ីនចច្រូត១គ្រឿងខាងលើ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែកម៉ូតូ១គ្រឿងខាងលើម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1F-1980 បើកបរដោយឈ្មោះ នួន សុផា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសែនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរបានស្លាប់ និងអ្នករួមដំណើរឈ្មោះ ឆេន សុគន្ធ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិស្រង៉ែត្បូង ឃុំស្រង៉ែ ស្រុកព្រៃឈរ បានស្លាប់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ាស៊ីនច្រូត១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ហើយឆ្លងផ្លូវបត់ស្តាំបានបុកជាមួយម៉ូតូ១គ្រឿង ក្នុងទិសដៅពីលិចទៅកើត បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ស្លាប់ទាំង២នាក់ ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ចំណែកអ្នកបើកបរម៉ាស៊ីនច្រូត បានទុកម៉ាស៊ីនច្រូតចោល ហើយរត់គេចចេញពីកន្លែងកើតហេតុបាត់ ។
បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង កម្លាំងជំនាញចរាចរណ៍ស្រុកជើងព្រៃបានចុះទៅដល់កន្លែងកើតហេតុ និងបញ្ជាក់ថា អ្នកបើកបរម៉ាស៊ីនច្រូតស្រូវ បើកបរក្នុងទិសដៅពីជើងត្បូងបើកឆ្លងផ្លូវបត់ទៅកើតខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកជាមួយម៉ូតូ១គ្រឿង បណ្ដាលឱ្យស្លាប់មនុស្ស២នាក់ នៅនឹងកន្លែងកើតហេតុ ។ ដោយ ឡែកម៉ូតូ បានរងការខូចខាត និងម៉ាស៊ីនច្រូត រងការខូចខាតកម្រិតស្រាល ។
ក្រោយកើតហេតុ វត្ថុតាងទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការនគរបាលស្រុកជើងព្រៃ ៕










