សពស្អុយរលួយក្នុងវ៉ាលិសដែលគេប្រទះឃើញក្នុងស្រុកកោះធំនោះជាមនុស្សប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ខេត្តកណ្ដាល÷ មានករណីប្រទះឃើញសពស្អុយរលួយ សង្ស័យជាអំពើឃាតកម្មសម្លាប់មនុស្សប្រុសម្នាក់ហើយញាត់ក្នុងវ៉ាលិស រួចយកមកចោលក្នុងគុម្ពោតព្រៃមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២៣ ក្នុងភូមិសាស្ត្រភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សមត្ថកិច្ចស្រុកកោះធំបានបង្ហើបឱ្យដឹងថា សពមនុស្សនៅក្នុងវ៉ាលិស ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ វត្ថុតាងចាប់យករួមមាន វ៉ាលិសពណ៌ទឹកប្រាក់០១, ខ្សែសាកទូរស័ព្ទចំនួន០៥ខ្សែ, ខ្សែភ្លើងឌុយបី០១ខ្សែ ពណ៌ស, ខ្សែ Wi-Fi ចំនួន០២ និងដែកកេះចំនួន០២ ។

បើយោងតាមការបំភ្លឺរបស់ឈ្មោះ អូន អុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល និងលោកឈ្មោះ មុត មឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង០០នាទីព្រឹក ឈ្មោះ អូន អុន ថាខ្លួនកំពុងតែឃ្វាលគោនៅដីស្រែកន្លែងកើតហេតុ ស្រាប់តែក្រឡេកឃើញមួយភ្លែតក៏ឃើញមានវ៉ាលិសមួយ ពណ៌ ទឹកប្រាក់ ដែលនៅប្រឡោះដើមជ្រែ០២ដើមដួលលើដី ដោយមានក្លិនស្លុយ ដោយសង្ស័យថា មានមនុស្សស្លាប់នៅខាងក្នុង ។ ភ្លាមនោះ រូបគាត់បានប្រញាប់ប្រញាល់រាយការណ៍ជូនទៅលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំលើកដែក ហើយលោកក៏បន្តរាយការណ៍បន្តជូនលោកអធិការស្រុកកោះធំ និងបានបញ្ជាឱ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ចុះទៅដល់ទីកន្លែងកើតហេតុ ស្ថិតនៅចិញ្ចើមផ្លូវជាតិលេខ២៣ ក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការ ធ្វើការហ៊ុមព័ទ្ធខ្សែ ទាញវ៉ាលិសដែលមានសាកសពនោះយកមកធ្វើការពិនិត្យទើបដឹងថា សពខាងក្នុងវ៉ាលិសនេះជាសពមនុស្សប្រុស មានស្ថានភាពរលួយអស់សាច់ សពពាក់អាវយឺតដៃខ្លី ពណ៌ស និងអាវក្រៅប្រភេទអាវមានមួកពណ៌ ប្រផេះ ស្លៀកខោជើងវែង ពណ៌ប្រផេះ ហោប៉ៅ០២ សក់រង្គោះអស់ ស្លៀកលីអូ ពណ៌ទឹកប៊ិច មានកម្ពស់ ១.៦៥ ស.ម ដៃជើងទាំង៤ គ្មានអ្វីគួរកត់សម្គាល់ឡើយ។

សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្មសម្លាប់រួចញាត់សាកសពចូលក្នុងវ៉ាលិស រួចយកមកបោះចោលនៅទីនេះ និងកំពុងស្រាវជ្រាវកំណត់សាវតារជនរងគ្រោះ និងកំណត់អត្តសញ្ញាណឃាតកដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print