ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតជាជនជាតិចិនដូចគ្នាបានបើករថយន្តស៊េរីទំនើបម៉ាក BYD មួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រដែលឈប់ចតនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលទាំងពីរនាក់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តសណ្ដោងទូកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3E-7254 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់អែបខាងនៅប្របចិញ្ចើមផ្លូវ ហើយតៃកុងបានចុះទៅទិញទឹកសុទ្ធសម្រាប់ហូបមួយភ្លែត ភ្លាមនោះស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាក BYD ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាក លេខ កំពង់ស្ពឺ 2A-9188 បើកបរដោយស្ត្រីជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតជាជនជាតិចិនដូចគ្នាបើកមកពីក្រោយតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកចូលពីក្រោយរថយន្តសណ្ដោងទូកុងតឺន័រយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបររថយន្តជាស្ត្រីជនជាតិចិននិងអ្នករួមដំណើរបានរងរបួសត្រង់ក្បាលធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុខាងលើ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕
ដោយ ៖ ភារ៉ា ដង្កោ










