ភ្នំពេញ ៖ លទ្ធផលជំនួបរវាងលោក កែវ រ៉េមី ទេស រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយ លោក Rory Mungoven ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ។
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Rory Mungoven ប្រធានការិយាល័យអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ (OHCHR) ចូលជួប ពិភាក្សាការងារ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះផ្តោត លើការពង្រឹង និងគម្រោងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនាពេលខាងមុខ។
ក្រៅពីស្វាគមន៍ លោក Rory Mungoven និងសហការី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាង គ.ស.ម.ក. និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក លោក កែវ រ៉េមី បានលើកឡើងពីការ ជំរុញការដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពថៃ ការជំរុញការ ហាមឃាត់ការប្រើប្រាស់សព្វាវុធខុសច្បាប់អន្តរជាតិក្នុងពេលមានជម្លោះ និងការប៉ះទង្គិចគ្នារវាងប្រទេស កម្ពុជានិងប្រទេសថៃ។ ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងការខកចិត្តចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូក្នុងការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះចម្បាំងប្រភេទ Gripen ឱ្យប្រទេសថៃ អំឡុងពេលមានជម្លោះជាមួយនឹងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីតួនាទីយ៉ាងសំខាន់របស់សិទ្ធិមនុស្ស ក្នុងការពារសណ្តាប់ធ្នាប់អន្តរជាតិ និងបានស្នើ លោក Rory Mungoven ចំពោះការធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា សូមឱ្យឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង។
ក្នុងកិច្ចជំនួបនេះ លោក Rory Mungoven បានថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកនិងសហការី បានចូលជួបពិភាក្សាការងារ។ លោក Rory Mungoven បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការបង្ហាញពីសារៈសំខាន់នៃ សិទ្ធិមនុស្សក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ និងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោក Rory Mungoven ក៏បានអរគុណចំពោះគ្រប់ញត្តិដ៏មានសារៈសំខាន់របស់ គ.ស.ម.ក. ដែលបានដាក់ ទៅលោកឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ។ លោកបានបញ្ជាក់ថា លោកឧត្តមស្នងការ សិទ្ធិមនុស្ស បានយកចិត្តទុកដាក់ខ្ពស់ចំពោះញត្តិទាំងនោះ និងបានតាមដានលើការអនុវត្តសេចក្តីថ្លែង ការណ៍រួមរវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសម្រេចបានដំណោះស្រាយសន្តិភាព។ ចំពោះសំណើ ទាំងពីររបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លោកនឹងជំរុញកិច្ចការនេះបន្ថែម និងពាំនាំជូន លោកឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស។ ទន្ទឹមនេះ លោក Rory Mungoven បានសាកសួរពីវឌ្ឍនភាពនៃសេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានជម្រាបពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្ស និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជំរុញការអនុវត្តប្រព័ន្ធគាំពារ សង្គម និងកិច្ចការអាទិភាពមួយចំនួនទៀត។
ជាកិច្ចបញ្ចប់ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់ និងសម្រេចបាន លទ្ធផលគួរជាទីពេញចិត្ត៕
ដោយ ៖ សិលា










