ខេត្តកំពង់ចាម ៖ បុរសម្នាក់ ដោយសារតែខឹងម្ដាយស្ដីបន្ទោស បានទាញកាំបិតប៉័ងតោ កាប់ក្បាលម្ដាយ និងលើរាងកាយចំនួន៤កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ឈាមហូរស្រោចពេញខ្លួនប្រាណ ។ ហេតុការណ៍នេះ បានកើតឡើងនៅឃុំថ្មពូន ស្រុកព្រៃឈរ ។ ក្រោយកើតមានហេតុការណ៍ហិង្សាដោយចេតនាត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជាបន្ទាន់ដោយចាប់បុរសជាកូននិងវត្ថុតាងកាំបិតដែលកាប់ប្រហារម្ដាយជាវត្ថុតាង ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសជាកូនបង្កើតរបស់អ្នករងគ្រោះបានជិះម៉ូតូ១គ្រឿងចេញពីផ្ទះរបស់ខ្លួនឆ្ពោះមកផ្ទះម្ដាយ ដែលមានចម្ងាយពីគ្នាប្រមាណជាង១០០០ ម៉ែត្រ។ ស្របពេលដែលជិះមកដល់ផ្ទះម្ដាយឃើញក្មួយប្រុសតូចអាយុ៥ឆ្នាំ ចុចទូរស័ព្ទដៃ ក៏ខឹងហើយបានទះកំផ្លៀង១ដៃ ធ្វើឲ្យក្មួយតូចនោះស្រែកទ្រហោយំ ម្ដាយឃើញបែបនេះបានស្ដី បន្ទោសឲ្យកូនថា ឯងម្តេចធ្វើអញ្ចឹងគ្នានៅតូចណាស់ ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៥ កើតឡើងបង្កដោយឈ្មោះ ធី ឃី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដូងផ្តៅ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កូននេះបានយកកាំបិត ប៉័ងតោ ពណ៌ខ្មៅ កាប់ទៅលើម្ដាយបង្កើតរបស់ខ្លួនឈ្មោះ នួន សុខុម អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូនស្រុកព្រៃឈរ ខណៈជនសង្ស័យជិះម៉ូតូម៉ាកគុបជ្រុង(ឆ្អឹង)មកលេងផ្ទះម្ដាយ ហើយខឹងនឹងម្ដាយបង្កើតរបស់ខ្លួនស្ដីបន្ទោសបន្តិចបន្តួច ។
ដោយមានកំហឹង កូនរូបនេះបានស្ទុះទៅទាញយកកាំបិតប៉័ងតោពណ៌ខ្មៅចេញពីចង្ក្រានបាយក្រោមផ្ទះកាប់ទៅលើម្ដាយបណ្ដាលឲ្យរងរបួសជាទម្ងន់ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។ ភ្លាមៗអ្នកជិត ខាង បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ទើបកម្លាំងប៉ុស្តិ៍ បានចុះទៅដល់ផ្ទះកើតហេតុបានឃាត់ខ្លួនជនល្មើសជាបន្ទាន់ ។
ដូនចាស់ជាម្តាយត្រូវបានសមាជិកក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។ ចំណែក បុរសជាកូនវិញត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី ៕










