យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និងជិត៣០នាក់រងរបួសនៅក្នុងការផ្ទុះគ្រាប់បែកក្នុងរថយន្តនៅខាងក្រៅស្ថានីយរថភ្លើងក្រោមដីមួយក្បែរកន្លែងរក្សាទុកវត្ថុបុរាណ Red Fort នៅកណ្តាលរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា។
ការផ្ទុះនេះបានកើតឡើងនៅខាងក្រៅច្រកទ្វារលេខ ១ នៃស្ថានីយរថភ្លើងក្រោមដី Chandni Chowk ដែលនៅម៉ោងប្រហែល ៧ យប់ ថ្ងៃទី ១០ ខែវិច្ឆិកា។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តមួយគ្រឿងបានផ្ទុះភ្លាមៗ ខណៈពេលកំពុងបន្ថយល្បឿនដើម្បីត្រៀមខ្លួនឈប់នៅភ្លើងក្រហមនាចំណុចប្រសព្វមួយក្បែរកន្លែងរក្សាទុកវត្ថុបុរាណ Red Fort។ ការផ្ទុះនេះបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រថយន្តចំនួន ២២ គ្រឿង និងហាងជុំវិញ។ យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់នៅនឹងកន្លែង ខណៈដែលមនុស្សជាង ៣០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស។
ភ្លាមៗបន្ទាប់ពីការផ្ទុះ រថយន្តពន្លត់អគ្គិភ័យប្រហែល ២០ គ្រឿងមកពីនាយកដ្ឋានពន្លត់អគ្គិភ័យដេលីត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ ប៉ូលិសបានឡោមព័ទ្ធតំបន់ទាំងមូលជុំវិញ Red Fort ដែលជាចំណុចក្តៅសម្រាប់ភ្ញៀវទេសចរពេញមួយឆ្នាំ។
ទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA)បានឱ្យដឹងដែរថា កងកម្លាំងប៉ូលិសប្រដាប់អាវុធកណ្តាល និងកងសន្តិសុខជាតិ (NSG) ក៏ត្រូវបានហៅឱ្យជួយប៉ូលិសទីក្រុងដេលីក្នុងការស៊ើបអង្កេតការផ្ទុះនេះផងដែរ។
ការផ្ទុះនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរកឃើញគ្រឿងផ្ទុះទម្ងន់ 360 គីឡូក្រាមក្នុងអំឡុងពេលវាយឆ្មក់លើជនសង្ស័យជាក្រុមជ្រុលនិយមនៅក្នុងទីក្រុង Faridabad ក្នុងរដ្ឋ Haryana ដែលនៅជិតខាង មានចម្ងាយត្រឹមតែ 50 គីឡូម៉ែត្រប៉ុណ្ណោះ។ ភ្លាមៗបន្ទាប់ពីការផ្ទុះ កងកម្លាំងសន្តិសុខឥណ្ឌាបានចេញការព្រមានសន្តិសុខកម្រិតខ្ពស់នៅក្នុងទីក្រុងធំៗមួយចំនួននៅទូទាំងប្រទេស រួមទាំងទីក្រុង Mumbai, Jaipur និង Lucknow។ កងកម្លាំងសន្តិសុខនៅក្នុងរដ្ឋ Uttar Pradesh, Rajasthan, Bihar និង Uttarakhand ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការផ្ទុះនេះ៕ ដោយធីរីណា
រូបថត: ZNEWS










