រយៈពេល ​១០ខែ​ឆ្នាំ​២០២៥នេះ! កម្ពុជា​នាំចេញ​ទៅ​អាមេរិក​សម្រេច​បាន​ជាង ​១០ ​ពាន់​លាន​ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យ​របស់​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​បានបង្ហាញថា​ កម្ពុជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​សម្រេច​បាន​នូវ​ទំហំទឹក​ប្រាក់ ​ជាង ១០ ​ពាន់​លានដុល្លារ ​នៅ​ក្នុង​រយៈពេល ​១០ខែ ឆ្នាំ២០២៥នេះ ​កើន​ឡើង​ ២៦,៤% ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន ទោះបីជាកម្ពុជាទទួលរងនូវពន្ធបដិការរបស់អាមេរិក១៩%ក្តី។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែតុលា ឆ្នាំ ២០២៥ ការ​ដោះដូរ​ទំនិញកម្ពុជា-អាមេរិក សម្រេច​បាន ១០,៧២ ​ពាន់​លាន​ដុល្លារ កើន​ឡើង ២៧% ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មានតម្លៃ ១០,៤០ ​ពាន់​លាន​ដុល្លារ កើន ២៦,៤% ចំណែក​អា​មេរិក​នាំចូលមកវិញមានតម្លៃ ៣២៦ លានដុល្លារ កើនជិត ៥០%។

ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។ ​ចំណែក​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន​ប្រ​សាសន៍​ថា សហរដ្ឋអាមេរិក​ទើបតែ​សម្រេច​យកពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​នាំ​ទៅ​អាមេរិក ក្នុង​អត្រា ១៩% កាល​ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥​ដែល​អត្រានេះ នឹង​ធ្វើ​ឱ្យកម្ពុជា​មានលទ្ធភាព​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេសជិតខាង និង​ថែរក្សា​រោងចក្រ​ដែល​មានស្រាប់​ព្រមទាំង​ទាក់​ទាញ​​ការ​វិនិ​យោគ​កាន់តែ​ច្រើន​បន្ថែមទៀត។

ដោយឡែក​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ​ការដំឡើងពន្ធគយរបស់​សហរដ្ឋអាមេរិក​លើទំនិញ​នាំចូលពីកម្ពុជានឹងប៉ះពាល់តិចតួច​ដល់ការនាំចេញរបស់​កម្ពុជាក្នុងឆ្នាំ២០២៥នេះ​ និងឆ្នាំបន្តបន្ទាប់។

ជាមួយគ្នានេះ​ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​​លោកបណ្ឌិត ជ័យ តិច​ បានឱ្យដឹងថា ​ការនាំ​ចេញ​របស់កម្ពុជា ​ទៅកាន់សហរដ្ឋអាមេរិក​មានការ​កើន​ឡើង​ខ្លាំង​ដោយសារតែអត្រាពន្ធ ១៩% ​បើធៀប​ជាមួយ​សមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោល​គឺស្មើ​តែ​ប្រទេស​ឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។

...

គួរបញ្ជាក់ថា​ ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-អាមេរិក​ ​នៅក្នុងឆ្នាំ ២០២៤​ សម្រេច​បាន​ទឹកប្រាក់ជាង ១០ ពាន់លាន​ដុល្លារ​កើនឡើង ១១% ធៀប​នឹង​ឆ្នាំ​ ២០២៣​ ក្នុង​នោះ ​កម្ពុ​ជា​​នាំចេញ​ទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លាន​ដុល្លារ កើន​ឡើង ១១,៤% និង​ទំនិញ​អា​មេរិកនាំចូល​មក​​​កម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print