រាជធានីរីយ៉ាដ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជាចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា។
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោក Walid bin Nasser Al-Shahri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងសហការីដែលជាពាណិជ្ជករធំៗ ជាង៥០រូប ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ។
បន្ទាប់ពីបានស្វែងយល់រួច ក្រុមប្រឹក្សានេះ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយរៀបចំដំណើរមកសិក្សាស្វែងយល់ផ្ទាល់មកកម្ពុជានៅខែធ្នូខាងមុខ៕ដោយ៖តារា










