អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី​ ខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និង បង្អួចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុង វិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃ ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការ បោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។

ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបាន ចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។ កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូលហេតុនៃការផ្អាកអនុវត្តជា ឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងខិតជិតមកដល់នាពេលខាងមុខ កម្ពុជា សូមស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រក្សានូវ ស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់ អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន។ ចេតនាចោទប្រកាន់ណាមួយ ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់មីនដើម្បីបម្រើដល់នយោបាយ អាចនឹង បំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។

ជាថ្មីម្តងទៀត ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីឡើយ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print