ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំខ្មែររឿង «ចន្ទ្រា» បានប្រកាសចាក់បញ្ចាំងនៅកម្ពុជាផ្លូវការហើយបន្ទាប់ពីប្រកាសបើកសម្ពោធចាក់បញ្ចាំង នៅប្រទេសថៃ ។ ខ្សែភាពយន្តនេះនឹងបន្តចេញទៅចាក់បញ្ចាំងនៅក្នុងរោងភាពយន្តនៃប្រទេសអូស្ត្រាលី និងឡាវ ក្នុងពេលឆាប់នេះផងដែរ។
ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅផ្សារទំនើប TK Avenue ទួលគោកក្រោមវត្តមានសិល្បករ ផលិតករ ជាច្រើនរូបចូលរួម ។ ខ្សែភាពយន្តនេះនឹងចាប់ផ្តើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗនៅកម្ពុជាចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ។
រឿង «ចន្ទ្រា» គឺជាស្នាដៃទី២ របស់ផលិតកម្ម Angkor Picture បន្ទាប់ពីខ្សែភាពយន្តដ៏ល្បីប្រចាំឆ្នាំ២០១៤ រឿង «ស្បែកគង់» ។ រឿងថ្មីនេះបានប្រើរយៈពេលជិតមួយឆ្នាំក្នុងការផលិត និងជាការផលិតដោយយកចិត្តទុកដាក់ទាំងបច្ចេកទេស ការជ្រើសរើសតួសម្តែង សាច់រឿង និងទីតាំងថត។ រឿងនេះប្រើកាំមេរ៉ា ទំហំ ៤,៥ខេ និងសម្លេង Surround Sound 7.1 និងមានការចូលរួមសម្តែងដោយតារាភាពយន្តល្បីៗ៤ជំនាន់។ លោក ប៉ុល វិបូ ហៅ នីត អគ្គនាយកផលិតកម្ម ខាងលើបានបញ្ជាក់ថា ភាពយន្តនេះបានចំណាយទុនជាង៣០ម៉ឺនដុល្លារ ខណៈប្រទេសថៃទទួលស្គាល់គុណភាពកុនខ្មែរហើយ ដោយនឹងចេញទៅចាក់បញ្ចាំងនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។ លោកលើកឡើងដែរថា កន្លងមកខ្សែភាពយន្តខ្មែរដែលទទួលបានការគាំទ្រច្រើនអាចរកប្រាក់ចំណូលបានប្រមាណ៣០ម៉ឺនដុល្លារអាមេរិកពីការចាក់បញ្ចាំងដែលវាអាចទូទាត់ជាមួយការចំណាយបាន ហើយលោកក៏រំពឹងទទួលបានប្រាក់ចំណេញពីការចាក់បញ្ចាំងនៅរោងភាពយន្តនៅបរទេស។ លោកថា វាគឺជា មោទនភាពណាស់ដែលខ្សែភាពយន្តដ៏ល្អប្រណីត របស់កម្ពុជាមួយនេះត្រូវបានចែកចាយដោយភាពយន្តបរទេសទិញដើម្បីយកចាក់បញ្ចាំងនៅរោងភាពយន្តបរទេស។
គួរបញ្ជាក់ដែរថា តារាសម្តែងក្នុងខ្សែភាពយន្តនេះមានដូចជា កញ្ញាម៉ាក សែនសូនីតា អ្នកនាង ចន ច័ន្ទលក្ខិណា លោក ញ៉ែម សុគន្ធ លោក ទេព រិន្ទដារ៉ូ នាយក្រូច អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីវុឌ្ឍ និងតារាសម្តែងតារាកំប្លែងជាច្រើនរូបទៀត។ សិល្បករដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះបានបង្ហាញពីមោទនភាពចំពោះខ្សែភាពយន្តដែលមានគុណភាពស្តង់ដា និងមានឱកាសចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តបរទេសបាន។ ពួកគេរំពឹងដែរថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនលើសលប់ពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន៕
ដោយ៖ វឌ្ឍនា