ខេត្តកណ្តាល ÷ លោករស់ចន្ថាអធិការនគរបាលស្រុកស្អាងបានឲ្យដឹងនៅរសៀលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ នេះថា សមត្ថកិច្ចកសាងសំណុំរឿងករណីជនសង្ស័យលួចម៉ូតូ ពីស្រុកស្អាងហើយត្រូវបានសមត្ថកិច្ចសហការគ្នាបង្ក្រាបបាននៅរាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូអរស្ទើរហោះ ក្រោយសមត្ថកិច្ចស្រុកស្អាងតាមប្រមាញ់ជនសង្ស័យរហូតដល់ ភ្នំពេញ (ម៉ូតូភ្ជាប់ GPS)ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងយកម៉ូតូបានមកប្រគល់ជូនរងគ្រោះវិញ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០២រំលងអាធ្រាតចូលថ្ងៃទី ១២ខែវិច្ឆិកាឆ្នាំ២០២៥នៅចំណុចក្នុង បរិវេណផ្ទះរបស់ជនរងគ្រោះស្ថិតនៅក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ផល ម៉េងសុីវ អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ សម្ភារ: បាត់បង់ ម៉ូតូ០១គ្រឿងម៉ាក HONDA DREA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែកជនសង្ស័យមានគ្នាចំនួន០២នាក់,១-ឈ្មោះ មាន គីមហុង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន +) មានទីលំនៅក្នុងភូមិក្បាលកោះ ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) , ២-ឈ្មោះ ថៃ រ៉ាយុទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែក ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល (គេចខ្លួន) ។
វត្ថុតាងចាប់យក : ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125ពណ៌ខ្មៅ គ្មានស្លាកលេខ (បានប្រគល់ជូនស្ត្រីរងគ្រោះវិញ) ។
លោកអធិការបានបញ្ជាក់ថា នៅវេលាកើតហេតុ ស្ត្រីរងគ្រោះបានទុកម៉ូតូនៅក្នុងបរិវេនមុខផ្ទះ រួចក៏ចូល ទៅសម្រាក។ លុះដល់ព្រឹកព្រលឹមឡើងក៏បាត់ម៉ូតូ ទើបស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចស្រុកស្អាង ដោយម៉ូតូទិញបង់រំលោះ សមត្ថកិច្ចបានជួយអន្តរាគមន៏ ទំនាក់ទំនងមកក្រុមហ៊ុនលក់ម៉ូតូឆែកប្រពន្ធ័ GPS ដែលដាក់ជាប់នឹងម៉ូតូក៏ ឃើញសញ្ញានៅភ្នំពេញ ម្ដុំចំណុចចតុមុខ ។
ក្រោយទទួលបានសញ្ញាភ្លាម លោកអធិការបានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ មាន គីមហុងនិងម៉ូតូ០១គ្រឿង ជារបស់ជនគ្រោះ ត្រឡប់មកស្រុកស្អាងវិញ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ ថៃ រ៉ាយុទ្ធ បានធ្វើសកម្មភាពលួចពិត ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕










