កម្មករព្រលានយន្តហោះលួចកាត់ខ្សែភ្លើងត្រូវកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបានម្នាក់ ក្នុង ចំណោម ២នាក់

ចែករំលែក៖

ខេត្តកណ្តាល ÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង ឲ្យ ដឹងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះថា

កម្មករព្រលានយន្តហោះម្នាក់ដែលលួចកាត់ខ្សែភ្លើងត្រូវកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបានម្នាក់ ក្នុងចំណោម ២នាក់។

ជនសង្ស័យម្នាក់ជាកម្មករ ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើលួច (ខ្សែភ្លើង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍លួចនេះបានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចក្នុងព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ងួន ទឿន ភេទ ប្រុស អាយុ ២៧ឆ្នាំ ហៅ ពៅ មុខរបរកម្មករព្រលាន ស្នាក់នៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោ។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជន សង្ស័យម្នាក់ទៀតដែលគេចខ្លួនមានឈ្មោះ រិទ្ធ ភេទ ប្រុស អាយុ ប្រហែល ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំផ្សារព្រែកហូរ ក្រុងតាខ្មៅ។

វត្ថុតាងចាប់យករួមមាន៖ កាំបិតខ្វាវផ្លែដែកដងដែក ១, ដាវដែកកែច្នៃ ២, ទូរស័ព្ទម៉ាក Redmi (បែកកញ្ចក់ខាងមុខ) ១គ្រឿង, ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ លាយខៀវ បិតតែមឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១V-៩៣៣០ ១គ្រឿង, ខ្សែភ្លើងមួយចំនួន, ប្រដាប់ប្រើប្រាស់គ្រឿងញៀននិងដែកកេះមួយចំនួន, កាបូបស្ពាយពណ៌ខ្មៅ ១, ដង្កាប់ដែក ២ (ដងពណ៌ខ្មៅ ១ និងពណ៌ខៀវ ១), កូនកាំបិតចុច ១, និងកាបូបដាក់លុយ ១។

លោកអធិការបានបន្តថា ជនសង្ស័យឈ្មោះ ងួន ទឿន បានស្ពាយកាបូបពណ៌ខ្មៅ (មានដង្កាប់ដែក ២សម្រាប់កាត់ខ្សែភ្លើង) ចេញពីបន្ទប់របស់ខ្លួនទៅកាន់ឃ្លាំងដែលទុកខ្សែភ្លើងសម្រាប់ប្រើប្រាស់ក្នុងព្រលាន។ ពេលទៅ ដល់ ជនសង្ស័យក៏បានកាត់ខ្សែភ្លើងរួចដាក់ចូលក្នុងកាបូប ហើយត្រឡប់មកបន្ទប់វិញ។ ក្រោយមក ជន សង្ស័យបានចេញមកក្រៅឈរនិយាយគ្នាលេងជាមួយឈ្មោះ រិទ្ធ ក៏ត្រូវសន្តិសុខព្រលានដែលកំពុងល្បាតសុំឆែកបន្ទប់។ ពេលឆែកក៏ឃើញខ្សែភ្លើងដែលជនសង្ស័យ កាត់នៅឃ្លាំងនោះ ហើយបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅកាន់ស្នាក់ការប៉ុស្តិ៍សន្តិសុខព្រលាន។

បន្ទាប់មក ជនសង្ស័យឈ្មោះ ងួន ទឿន ត្រូវបានប្រគល់ ឲ្យសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរ។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ហើយកន្លងមកធ្លាប់បានចូលទៅលួចនៅក្នុងឃ្លាំងនោះចំនួន ៥លើករួចមកហើយ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print