លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ចែករំលែកបទពិសោធន៍ «ការដឹកនាំ និងនវានុវត្តន៍» ដល់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់នូវបាឋកថាមួយដ៏មានអត្ថន័យជ្រាលជ្រៅ ស្តីពី «ការដឹកនាំ និងនវានុវត្តន៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង» ដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២៥ (ថ្នាក់គុណភាព) នៃសាលាភូមិន្ទរដ្ឋបាល (ERA) នៅសាលាខេត្តស្ទឹងត្រែង។

នាឱកាសដ៏សំខាន់នេះ លោក សរ សុពុត្រា បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីដែនរដ្ឋបាល ស្ថានភាពប្រជាសាស្ត្រ ព្រមទាំងសក្តានុពលរបស់ខេត្តស្ទឹងត្រែង និងសមិទ្ធផលថ្មីៗជាច្រើនដែលខេត្តសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញដល់ការអភិវឌ្ឍគឺការ ថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីផ្តល់នូវសេចក្តីទុកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ វិនិយោគិន និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តវិធានការច្បាប់ និងគោលការណ៍បង្ក្រាប និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់។
បន្ថែមពីនេះ លោកក៏បានលើកឡើងពីភាពចាំបាច់ក្នុងការ ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ចំពោះអ្នកទទួលផល។ លោកបានគូសរំលេចអំពីការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និង «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» រួមជាមួយនឹងគោលការណ៍ដឹកនាំ «អភិរក្ស អភិវឌ្ឍន៍ លើកកម្ពស់បរិយាបន្ន ប្រកបដោយនវានុវត្តន៍» ព្រមទាំងការរៀបចំមុខងារមន្ត្រីតាមជំនាញ ឋានានុក្រម និងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងបាឋកថានោះ លោក សរ សុពុត្រា ក៏បានបង្ហាញពីភាពខុសគ្នារវាងភាពជាអ្នកដឹកនាំ និងអ្នកគ្រប់គ្រង ដោយបានបញ្ជាក់ថា ការដឹកនាំដ៏រឹងមាំ នឹងជំរុញទឹកចិត្តនូវការបង្កើតចក្ខុវិស័យ និងការដឹកនាំអង្គភាពឈ្ពោះទៅរកគោលដៅ ខណៈ នវានុវត្តន៍ គឺជាយន្តការនៃការជំរុញ ការផ្លាស់ប្តូរ ការកែលម្អរ និងការបង្កើតថ្មី។អ្នកដឹកនាំ គឺជាដំណើរការដែលបុគ្គលម្នាក់ប្រើប្រាស់ឥទ្ធិពលផ្លូវការឬមិនផ្លូវការ ដើម្បីតម្រង់ទិសនិងសម្របសម្រួលការងារជាមួយអ្នកដទៃ ក្នុងការសម្រេចនូវគោលដៅរួម។
លោកបានបញ្ជាក់ថា ភាពដឹកនាំ និងនវានុវត្តន៍ ត្រូវតែដើរទន្ទឹមគ្នា ស្របពេលដែលអ្នកដឹកនាំត្រូវមានភាពបុរេសកម្ម ទើបអាចជំរុញការងាររដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជម្រុញប្រទេសជាតិឱ្យរីកចម្រើន និងឆ្លើយតបបានពេញលេញចំពោះតម្រូវការប្រជាពលរដ្ឋដែលតែងតែប្រែប្រួល។
ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បាឋកថានៅថ្ងៃនេះ នឹងចូលរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធន៍សំខាន់សម្រាប់កម្មសិក្សាការីដែលជាមន្ត្រីរាជការទាំងអស់ យល់កាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងសារៈសំខាន់នៃការផ្តល់ និងបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតស្និទរវាងអ្នកបម្រើសេវា និងប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា៕

...

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print