ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលខាងជើងបឹងទន្លេសាបនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កម្លាំងជលផល សហការជាមួយក្រុមអន្តរាគមន៍ថ្នាក់ជាតិ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងនគរបាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុច
ទំនប់៧៨ ស្ថិតក្នុងភូមិសាស្រ្តឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដកហូតបានសម្ភារៈ ឧបករណ៍នេសាទមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលម្សិលមិញ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកប្រាសាទបាគង រួមសហការជាមួយកម្លាំងជលផល ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅភូមិសាស្ត្រខាងលើ ហើយបានរុះរើឧបករណ៍នេសាទខុសច្បាប់ទាំងអស់។
ក្នុងប្រតិបត្តិការខាងលើ ឧបករណ៍ល្មើសច្បាប់ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដូចជា ៖ របាំងស្បៃមុងចំនួន១០របាំង ស្បៃមុងប្រវែង៨០០ម៉ែត្រ ក្បាលលូស្បៃមុងចំនួន១២គ្រឿង បង្គោលចម្រឹងចំនួន២១៥ដើម លែងកូនត្រីចម្រុះសរុបចំនួន ២៥គីឡូក្រាម ចូលបឹងធម្មជាតិ ៕ជ្រោយពេជ្រ










