រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិនិត្យនីតិវិធីចុះឈ្មោះ និងប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ ដែលបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយជូនដល់អ្នកសារព័ត៌មានដែលបានមកស្នើសុំនៅក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ កិច្ចប្រជុំពិនិត្យនីតិវិធីចុះឈ្មោះ និងប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ បានធ្វើឡើងនៅព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារ ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន រួមជាមួយមន្ត្រីជំនាញបច្ចេកទស បានជម្រាបជូនពីការកែសម្រួល និងរចនាម៉ូដកាតថ្មី ដោយបំពាក់ QR Code ដូចកាលពីឆ្នាំកន្លងទៅដោយប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់តាមរយៈកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន សរុបបានប្រមាណជាង ៨ ៥០០នាក់ ដែលបានចុះឈ្មោះនៅក្នុងឆ្នាំ២០២៤ ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ រៀបចំការងារបច្ចេកទេសឲ្យបានលឿន ហើយចេញជាលិខិតជូនដំណឹងដល់ បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីមកធ្វើការបំពេញបែបបទតាមនីតិវិធីចុះឈ្មោះសម្រាប់ប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ ។ ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញដល់ក្រុមការងារជំនាញបច្ចេកទេស ត្រូវធ្វើការពិនិត្យឡើងវិញនូវរាល់ចំណុះខ្វះចន្លោះមួយចំនួនកាលពីឆ្នាំកន្លងមក ពិសេសគឺការពន្លឿននូវការធ្វើបណ្ណសម្គាល់អត្តញ្ញាណអ្នកសារព័ត៌មាន នៅពេលដែលគាត់បានដាក់ពាក្យស្នើសុំរួចហើយ ។

គួររំលឹកដែរថា កាលពីដើមខែមេសា ឆ្នាំ២០២៤ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចដាក់ឲ្យអនុវត្តន៍សម្រាប់ការធ្វើបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ដើម្បីទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់ ហើយក៏ជាការគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់ផងដែរ ។

លោករដ្ឋមន្ត្រី បានបានគូសបញ្ជាក់ថាក្រសួងព័ត៌មាន នឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។

...

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ត្រៀមរៀបចំឯកសារពាក់ព័ន្ធ ដើម្បីដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print