ព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ (Vattanac Legends Championship) ដែលជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ Vattanac Legends Championship ដែលជាការប្រកួតកម្រិតអន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយមានកីឡាករអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ១៦ប្រទេស (អាហ្សង់ទីន, បារាំង, ស៊ុយអ៊ែត, អេស្ប៉ាញ, ហូឡង់, អៀរឡង់, ស្កុតលែន, ឥណ្ឌា, ណូវែលសេឡង់, ប្រេស៊ីល, អូទ្រីស, អង់គ្លេស, អាល្លឺម៉ង់, សាធារណរដ្ឋអាហ្រិចខាងត្បូង, អៀរឡង់ខាងជើង និងអ៉ីតាលី) នឹងមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏អស្ចារ្យនេះ។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះលោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ក៏ដូចជា វឌ្ឍនៈ គ្រុប ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ ឧបត្ថម្ភគាំទ្រ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ទេសចរណ៍ ពិព័រណ៍ និងកម្មវិធីនានារបស់ក្រសួងទេសចរណ៍ ក៏ដូចជាបានជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ នឹងបង្ហាញពិភពលោកឃើញថា កម្ពុជា ជាគោលដៅសុវត្ថិភាព, មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបាន។ ក្រសួងទេសចរណ៍ គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship និងផ្តល់កិច្ចសហការរៀបចំព្រឹត្តិការណ៍នាពេលខាងមុខនេះ ឱ្យបានជោគជ័យ។
ទីស្តីការក្រសួងទេសចរណ៍ ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print